ភ្នំពេញ ៖ ម៉ូតូសណ្តោងរុឺម៉កមួយគ្រឿង ដឹកឥដ្ឋការ៉ូ គ្រឿងសំណង់ ហ្វ្រាំងមិនជាប់ ជ្រុលទៅបុកពីទទឹងរថយន្តPrius កំពុងបើកកាត់ពីមុខ បណ្តាលឱ្យរងខូចខាត រថយន្តខ្ទេចទ្វារមួយចំហៀង ម៉ូតូបាក់ដាច់ក រងរបួសស្រាលម្នាក់ ។ ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង១២ថ្ងៃត្រង់ទី១៣ ខែមីនា ឆ្នាំ២០១៤ ស្ថិតនៅតាមផ្លូវបេតុង ក្នុងភូមិកាកាប សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពនៅកន្លែងបានឱ្យដឹងថា នៅមុនពេលកើតហេតុ ម៉ូតូសណ្តោងរុឺម៉ក ដឹកឥដ្ឋការ៉ូ គ្រឿងសំណង់ យកទៅដាក់ឱ្យម៉ូយ នៅម្តុំឈូកវ៉ា២ ដោយបើកតាមបណ្តោយផ្លូវបេតុងខាងលើ ពីកើតទៅលិច លុះដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តPrius ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BO-7416 បើកចេញពីផ្លូវក្នុងភូមិ ពីជើងទៅត្បូង ឆ្លងទទឹងផ្លូវកាត់ពីមុខ ម៉ូតូហ្វ្រាំងមិនជាប់ ព្រោះដឹកធ្ងន់ ក៏ជ្រុលបុក រងខូចខាតទ្វាររថយន្តមួយចំហៀង ម៉ូតូបាក់ដាច់ក សំណាងល្អរបួសស្រាល ។

ក្រោយកើតហេតុសមត្ថកិច្ចនាំគ្នាជួយលើកអូសម៉ូតូរុឺម៉កយកទៅដាក់កៀនខាង ដើម្បីសម្រួលចរាចរណ៍ និងឱ្យភាគីសងខាងសម្របសម្រួលគ្នា ជាលទ្ធផល ភាគីសងខាងឯកភាព យល់ព្រម យករថយន្តម៉ូតូ ទៅជួសជុលរៀងខ្លួន ដើម្បីបញ្ចប់រឿង៕

អត្ថបទ៖ តាតុងសែនជ័យ

Share.