ភ្នំពេញ ៖ ម៉ូតូហុងដាឌ្រីមមួយគ្រឿងជិះឌុបគ្នា៣នាក់ បោះពួយល្បឿនលឿន លើផ្លូវបញ្ច្រាសទិសដៅចរាចរណ៍ ជ្រុលទៅបុកម៉ូតូហុងដាឌ្រីមមួយគ្រឿងទៀតជិះឌុបគ្នា២នាក់ លើផ្លូវអថិភាព បណ្តាលឱ្យរងរបួសធ្ងន់ម្នាក់ ស្រាល ៤នាក់។ ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៨និង៥០នាទីយប់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ នៅតាមមហាវិថីឈ្នះ ឈ្នះ ក្នុងភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះរបួសធ្ងន់ម្នាក់ មានឈ្មោះ សុឹម សំណាង ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកម្មករ ស្នាក់នៅក្នុងភូមិត្រពាំងទា សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតភូមិជ្រោយដង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

តាមប្រភពនៅកន្លែងបានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះ ជិះម៉ូតូម៉ាកហុងដាឌ្រីម សេរី២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CI-3406 ឌុបគ្នា២នាក់ ធ្វើដំណើរលើផ្លូវអថិភាព ពីត្បូងទៅជើង ដល់ចំណុចកើតហេតុ ស្រាប់តែភាគីខាងម៉ូតូ ហុងដាឌ្រីម សេរី២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1DG-8884 ជិះឌុបគ្នា៣នាក់ ពីជើងទៅត្បូង លើផ្លូវបញ្ច្រាសទិសដៅចរាចរណ៍ មកបុកចំពីមុខ បណ្តាលរងរបួសធ្ងន់ម្នាក់ ស្រាលម្នាក់ ខាងម៉ូតូបង្ក របួសស្រាលទាំង៣នាក់ ។

ក្រោយកើតហេតុ ជនរងគ្រោះរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ។ ចំណែកម៉ូតូទាំង២គ្រឿង រងខូចខាតដំណំ ត្រូវបានភាគីសងខាងសម្របសម្រួលគ្នា ព្យាបាលរបួស ជួសជុលម៉ូតូរៀងខ្លួន ដើម្បីបញ្ចប់រឿង នៅកន្លែងកើតហេតុ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.