ភ្នំពេញ ៖ ម៉ូតូនិចមួយគ្រឿងជិះដោយយុវជន២នាក់ឌុបគ្នា បត់ផ្លូវកែងជ្រុលរអិលដួលខ្លួនឯង រងរបួសធ្ងន់ម្នាក់ បាក់ភ្លៅស្តាំ ម្នាក់ទៀតរងរបួសជើងស្រាល ។ ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៣និង៥៥នាទីរសៀល ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ ស្ថិតនៅតាមផ្លូវបេតុង ភូមិខ្វែ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះទាំង២នាក់ ឈ្មោះ ប្រាក់ រ៉ូហុីត ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ ជានិស្សិតឆ្នាំទី១ ស្នាក់នៅផ្ទះជួល ភូមិត្រពាំងទួល សង្កាត់កន្ទោក ខណ្ឌកំបូល មានស្រុកកំណើតនៅ ភូមិទួលសាំង ក ឃុំអង្គរបូរី ស្រុកអង្គបូរី ខេត្តតាកែវ រងរបួសធ្ងន់ បាក់ភ្លៅស្តាំ ជាអ្នកបើកម៉ូតូ និច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HW-5831 រួមដំណើរជាមួយ ឈ្មោះ ផុន ធារី ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ និស្សិតឆ្នាំ១ រៀនជាមួយគ្នា ស្នាក់នៅ និងមានស្រុកកំណើតជាមួយគ្នា ។

បើតាមសម្តីជនរងគ្រោះបានឱ្យដឹងថា មុនកើតហេតុជិះម៉ូតូក្នុងបំណងទៅផ្ទះមិត្តភ័ក្រ ដោយជិះម៉ូតូឌុបគ្នាតាមផ្លូវបេតុងខាងលើពីត្បូងទៅជើង បត់ផ្លូវកោងទៅកើតជ្រុល ស្រាប់តែរអិលដួលខ្លួនឯង ម៉ូតូសង្កត់ពីលើ របួសបាក់ជើងម្នាក់ របួសស្រាលម្នាក់ ។

ក្រោយកើតហេតុជនរងគ្រោះទាំង២នាក់ ត្រូវបានបងប្អូនប្រជាពលរដ្ឋ ហៅរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ចំណែកម៉ូតូផ្ញើទុកនៅផ្ទះអ្នកស្គាល់គ្នាជាបណ្តោះអាសន្នសិន ៕

អត្ថបទ តាតុងសែនជ័យ

Share.