សមាគម​ឧស្សាហកម្ម​សម្ដែង​ថ្នាក់ជាតិ​ប្រទេស​ចិន​បាន​ចេញ​លិខិត​ ​​ព្រមាន​និង​ធ្វើ​ពហិការ​ចំពោះ​តារា​រូប​នេះ​ ធ្វើ​ឱ្យ​អនាគត​ក្នុង​រង្វង់​សិល្បៈ​របស់​លោក​កាន់​តែ​ងងឹត​សូន្យសុង​។

តារា​​ល្បីចិន​​ Zhang Zhehan ទើប​តែ​ត្រូវ​បាន​គេ​គាស់​កកាយ​យក​រូប​ចាស់​ដែល​លោក​បាន​ទៅ​ចូលរួម​មង្គល​ការ​មិត្ត​ភក្ដិ​ និង​ រូប​ដើរ​កម្សាន្ត​ថត​រូប​នៅ​តំបន់​ស្ដូប​អនុស្សាវរីយ៍​ទាហាន​ជប៉ុននៅ​ប្រទេស​ជប៉ុន ​រហូត​ក្លាយ​ជារឿង​ក្ដៅ​និង​រង​ការ​រិះគន់​ពី​សាធារណជន​​រហូត​ប្រេន​ផលិតផល​ធំៗ​ សម្រេច​ចិត្ត​បញ្ចប់​កុង​ត្រា​ សូម្បី​តែ​ភាពយន្ត​ត្រៀម​ថត​ក៏​ផលិតករ​សម្រេច​ដក​ឈ្មោះ​បុរស​សង្ហា​រូប​នេះ​ចេញ​ដែរ​។​

ក្រោយ​លិខិត​​ខាង​លើ​ត្រូវបាន​ប្រកាស​​ជា​ផ្លូវ​ការ​ ​ក្រុម​ហ៊ុន​ Social Modia ដ៏​ធំ​របស់​ចិន​ដូច​ជា​ Weibo ក៏​បាន​សម្រេច​ចិត្ត​លុបចោល​គណនី​ផ្ទាល់​ខ្លួន​របស់​ Zhang Zhehan ថែម​ទាំង​លុប​ចោល​គ្រប់ ប្រធាន​បទ​ឬ​បទ​សន្ទនា​ទាំង​អស់​ពាក់​ព័ន្ធ​នឹង​តារា​សម្ដែង​រូប​នេះ​ចោល​ថែម​ទៀត​។

មិន​ត្រឹម​តែ​ប៉ុណ្ណោះ​សូម្បី​តែ​ Platform វីដេអូ​ Content ដ៏​ល្បី​ដូច​ជា​ Tiktok របស់​ចិន​ក៏​​បាន​លុបចេញ​គណនី​ របស់​ Zhang Zhehan ​ដូច​គ្នា​ដែរ​។​ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ Platform Streaming Online ធំៗ​ ក៏​លុប​គណនី​របស់​តារា​រូប​នេះ​ចេញ​ពីប្រព័ន្ធ​របស់​ខ្លួន​ដូចគ្នា។​

ចុង​ក្រោយ​ Youku បាន​​លុប​ឈ្មោះ​ Zhang Zhehan ចេញ​ពី​ក្នុងបញ្ជី​ឈ្មោះ​តារា​សម្ដែង​និង​ការ​អត្ថាធិប្បាយ​តួអង្គ​របស់​លោក​ចេញ​ពី​ក្នុង​ភាពយន្ត​ភាគ​បុរាណ​ចិន​ដ៏​ល្បី​​ Word of Honor ដែល​លោក​សម្ដែង​ជា​តួអង្គ​ឯក​ចោល​ដែរ។​

Zhang Zhehan គឺ​ជា​តារា​សម្ដែង និង​តារា​ចម្រៀងជនជាតិ​ចិន​​ មាន​វ័យ​ ៣០​ឆ្នាំ​ កើត​នៅថ្ងៃ​ទី​១១ ខែ​ឧសភា ឆ្នាំ​១៩៩១៕

ទស្សនា​វីដេអូ​ព័ត៌មាន​ខាង​ក្រោម៖

Telegram-Troryorng

Share.