សិល្បៈជាតិ​៖ នៅ​ថ្ងៃ​ទី​១៥ ខែមីនា នេះ​តារា​ចម្រៀង​ជើង​ចាស់​ លោក​ យ៉ែម សំអូន បាន​ចេញ​មក​សូម​ទោស​កូន​ស្រី​ខ្លួន​នៅ​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម​ ដោយ​លោក​មិន​អាច​ទៅទទួល​បាន​ ទើប​លោក​ពឹងពាក់ប្អូន​ស្រី​រាប់​អាន​គ្នា​ គឺ​អ្នកនាង​ ទឹម រដ្ឋា​ ឱ្យ​ជួយ​ទៅទទួល​ជំនួស​។ យ៉ាង​ណា​មិញ​ការ​លើក​ឡើង​របស់​លោក​នេះ​ត្រូវ​បាន​អ្នក​ខមមិន​លើ​ជា​មតិ​បញ្ឆិតបញ្ឆៀង​ឱ្យ​លោក​ថា​ ស្រលាញ់​ឬ​ផ្ដល់​ភាពសំខាន់​ចំពោះ​ការងារ​ជាង​កូន​បង្កើត​ខ្លួន​។

តារា​ចម្រៀង​ចាស់​វស្សា​លោក​ យ៉ែម សំអូន ដែល​ពេល​នេះ​បាន​វិវត្តន៍​ក្លាយ​ជា​ Organizer រៀបចំ​កម្មវិធី​សិល្បៈ​តន្ត្រី​សម្រាប់​បម្រើ​ឱ្យ​កម្មវិធី​ជប់លៀង កម្មវិធីរៀបមង្គលការ​ និង​កម្មវិធី​ផ្សេងៗ​នោះ​ កំពុង​តែ​កាក់កប​និង​មាន​ការងារ​ជា​ហូរហែរ​មិន​ដាច់​ រហូត​ធ្វើ​ឱ្យ​លោក​រវល់​ឆ្លៀត​ពេល​ដកដង្ហើម​សឹង​មិន​​មាន​។ ដូច្នេះ​ហើយ​ទើប​​លោក​មិន​អាច​ទៅ​ទទួល​កូន​ស្រីសំណព្វ​រប​ស់​ខ្លួន​ ដល់​ថ្នាក់​អ្នក​នាង​ ទឹម រដ្ឋា ឱ្យ​ទទួល​ជំនួស ​ព្រោះ​តែ​លោក​ផ្ទាល់​ត្រូវ​បំពេញ​ភារកិច្ច​។ លោក​បាន​រៀបរាប់​ពី​ភាព​ចាំ​បាច់​របស់​ខ្លួន​នៅ​ក្នុង​សំណេរ​ដោយ​មាន​​ភ្ជាប់​រូបថត​កូន​ស្រី និង​អតីតភរិយា​​​៖ «កូន​ស្រី​សម្លាញ់​មាស​ឪពុក​។ ឱ្យ​ប៉ាៗសុំទោស​ផង ដែលប៉ា​មិនបានទៅទទួល​ការ​ធ្វើ​ដំណើរ​មក​ដល់​របស់​កូន​យប់​នេះ​ ដោយសារ​ភារកិច្ច​របស់​ប៉ាៗ​រវល់​ខ្លាំង​ដកឃ្លា​មិន​រួច​។ អ៊ីចឹង​មីង Tim Rotha ជួយ​មើល​ក្មួយ​ផង​ គ្រប់​យ៉ាង​ មាន​ការអី​ត្រូវ​ការ​ចាំ​ប្រាប់​បងទាំង​អស់​។ ចាំជួប​គ្នា​ថ្ងៃ​ស្អែក​ណា​កូន​ស្រី​ប៉ាប៉ា​ Veronica Yem។ My Everything»

ការ​លើក​ឡើង​នេះ​ត្រូវ​បាន​មហាជន​កោត​សរសើរ​ចំំពោះ​លោក​ក្នុង​នាម​ជា​ឪពុក​ តែ​ក៏មិន​អត់​អ្នក​ដែល​ផ្លោង​សម្ដី​រិះគន់​លោក​ដែរ ដោយ​មាន​អ្នក​បញ្ចេញ​មតិ​មួយ​ចំនួន​បាន​លើក​ឡើង​ថា​៖ «​ត្រង់​នេះ​ហើយ​ទើប​កូន​ភាគ​ច្រើន​ស្រលាញ់​ម្ដាយ​ជាង​ឪពុក​បើ​ម្ដាយ​វិញ​ទោះ​រវល់​យ៉ាងណា​ក៏​ចោល​ការងារ​សិន​ដែរ​ដើម្បី​កូន​»។ នេះ​គ្រាន់តែ​ជា​ការ​យល់​ឃើញ​របស់​បុគ្គល​ម្នាក់​ៗ​ប៉ុណ្ណោះ មិន​មែន​ជា​ឧបករណ៍​វាស់ស្ទង់​បាន​ថា​ម្ដាយ​ស្រលាញ់​កូន​​ជាង ឬ​មួយ​ឪពុក​ស្រលាញ់​កូន​តិច​ជាង​នោះ​ឡើយ ព្រោះ​កាតព្វកិច្ច​ និង​ភារកិច្ច​ការងារ​ ដែល​ជា​ទំនួលខុស​ត្រូវ​របស់​បុគ្គល​ខុសៗ​គ្នា​ មាន​តែ​បុគ្គល​ខ្លួន​ឯង​ប៉ុណ្ណោះ​ទើប​អាច​ដឹង​បាន​ថា​ ខ្លួន​ត្រូវ​ធ្វើ​អ្វី​ឱ្យ​ប្រាកដ​នោះ​ ដូច​ជា​ករណី​លោក យ៉ែម សំអូន ត្បិត​លោក​ជាប់​ភារកិច្ច​ក្ដី តែលោក​ក៏មិន​បាន​ភ្លេច​កូន​ដែរ ដោយ​លោក​សន្យា​នឹង​ទៅជួបកូន​ស្រីលោក ថែម​ទាំង​ឱ្យ​ប្អូន​ស្រី​ដែល​ជិត​ស្និទ្ធិ​ទៅ​ជួយមើល​និង​សម្រួល​ដល់​កូន​ស្រី​ ខណៈដែល​ធ្វើ​ដំណើរ​មក​ដល់​ប្រទេស​កម្ពុជា​ផង​ដែរ៕

Share.