ភ្នំពេញ ៖ ម៉ូតូសណ្តោងរុឺម៉កចំនួន២គ្រឿង បើកលឿនមិនប្រយ័ត្នជ្រុលទៅបុកផ្ទប់ពីក្រោយរថយន្តស្តារិចបន្តបន្ទាប់ បណ្តាលឱ្យម៉ូតូរុឺម៉កមួយគ្រឿងរេធ្លាក់ផ្លូវក្រឡាប់ចូលប្រឡាយ រងរបួសធ្ងន់១នាក់ របួសស្រាល៤នាក់ ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង១១និង១០នាទីព្រឹក ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ ស្ថិតនៅតាមផ្លូវ៦០ម៉ែត្រ ក្រវ៉ាត់ក្រុងទី១ ក្នុងភូមិគោកខ្សាច់ សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ។

ម៉ូតូសណ្តោងរុឺម៉កទី១ បើកដោយឈ្មោះ ជឹម រ៉ា ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកម្មករដឹកអុីវ៉ាន់រោងចក្រផលិតកែវជ័រ រងរបួសស្រាល រួមដំណើរជាមួយ ប្អូនប្រុសជីដូនមួយ រងរបួសស្រាល ។ ម៉ូតូសណ្តោងរុឺម៉កទី២ បើកដោយឈ្មោះ ជឹម សាន់ឌី ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មករ របួសជើងស្រាល រួមដំណើរជាមួយប្អូនប្រុសបង្កើត ឈ្មោះ ជឹម ដាវ អាយុ១៦ឆ្នាំ មុខរបរកម្មករ រងរបួសធ្ងន់ បាក់ជើងឆ្វេង ទ្រូង ។ និងប្អូនប្រុសជីដូនមួយម្នាក់ទៀត រងរបួសស្រាល ។ ភាគីខាងម៉ូតូរុឺម៉ក ទាំង២គ្រឿង មនុស្ស៥នាក់ សុទ្ធតែជាបងប្អូនបង្កើត បងប្អូនជីដូនមួយនឹងគ្នា ប្រកបរបរការងារជាកម្មករដឹកអុីវ៉ាន់រោងចក្រផលិតកែវជ័រ ស្នាក់នៅផ្ទះជួល ក្នុងភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល មានស្រុកកំណើតនៅ ភូមិក្រម៉ាល់ ឃុំប្រឡាយមាស ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។

ចំណែកភាគីខាងរថយន្ត ស្តារិច ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2BU-7015 បើកដោយឈ្មោះ ផាន់ ឈាង ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

តាមសម្តីភាគីខាងម៉ូតូសណ្តោងរុឺម៉ក បានឱ្យដឹងថា មុនកើតហេតុ បើកម៉ូតូរុឺម៉កទាំង២គ្រឿង វិលមកពីដាក់អុីវ៉ាន់ឱ្យម៉ូយវិញ ធ្វើដំណើរតាមបណ្តោយផ្លូវ៦០ម៉ែត្រ ពីត្បូងទៅជើង ដល់ចំណុចកើតហេតុ ហ្វ្រាំងមិនជាប់ជ្រុលបុកពីក្រោយរថយន្តស្តារិច កំពុងបង្អន់ល្បឿន ស្របពេលនោះស្រាប់តែម៉ូតូរុឺម៉កមួយគ្រឿងទៀត បើកដោយប្អូនប្រុស ជ្រុលបុកពីក្រោយបន្ថែមទៀត ហើយរេចង្កូតធ្លាក់ផ្លូវ ក្រឡាប់បត់ក រងរបួសធ្ងន់ប្អូនប្រុសម្នាក់ ។

ក្រោយកើតហេតុ ជនរងគ្រោះ របួស៣នាក់ ធ្ងន់ម្នាក់ ត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ។ ចំពោះរថយន្តរងខូចខាតខ្ទេចផ្នែកក្រោយ ត្រូវបានថៅកែចិនរោងចក្រ ចេញមុខដោះស្រាយ ដោយយករថយន្តទៅជួសជុលជូនវិញ ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ ដោយមិនឱ្យមានរឿងវែងឆ្ងាយ ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.