ភ្នំពេញ៖ ស្ត្រីម្នាក់ត្រូវរថយន្តក្រឡុកសុីម៉ង់ត៍កិនបែកក្បាលស្លាប់យ៉ាងអាណោចអាធ័ម ខណៈពេលជិះម៉ូតូឆ្លងស្តុបទាក់ដៃចង្កូតនិងកង់រថយន្តបណ្ដាលឱ្យដួលចូលក្រោមកង់រថយន្ត ការវេលាម៉ោង៥ និង៣០នាទីល្ងាចថ្ងៃទី១៥ ខែមីនាឆ្នាំ ២០២៤ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងសង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅរាជធានីភ្នំពេញ។

សពស្ត្រីរងគ្រោះ ឈ្មោះ តាំង ប៉ឡេង អាយុ៤៩ឆ្នាំ មានទីលំនៅផ្ទះលេខ១៥០កាអឺ០ផ្លូវ២១៥ ភូមិ៨ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ មានស្រុកកំណើត ឃុំបង់រៀវ ស្រុក ត្បូងឃ្មុំ ខេត្តកំពង់ចាម។

ប្រភពពីកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុគេឃើញស្រ្តីរងគ្រោះបានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសង់សេ១២៥ ស៊េរីឆ្នាំ២០១៣ពណ៌ខ្មៅពាក់ផ្លាកលេខ ភ្នំពេញ 1CE-2520 ជិះម្នាក់ឯងធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ១ក្នុងទិសដៅពីកើតមកលិច ខណះពេលជិះមកដល់ចំណុចកើតហេតុបានឈប់រងចាំភ្លើងស្តុបក្រហម អែបនិងរថយន្តក្រឡុកស៊ីម៉ងត៍ម៉ាក SANNY ពណ៌សពាក់ផ្លាកលេខ ភ្នំពេញ 5A-3202 បើកដោយបុរសម្នាក់ដែលបានឈប់រងចាំស្តុបមុនម៉ូតូស្រ្តីរងគ្រោះមកដល់ នៅពេលភ្លើងស្តុបលោតពណ៌ប៉ៃតង រថយន្តក្រឡុកសុីម៉ង់ត៍និងម៉ូតូស្រ្តីរងគ្រោះក៏បានបើកឆ្លងស្តុបខៀវទៅមុខព្រមគ្នាបណ្ដាលឱ្យទាក់ដៃចង្កូតម៉ូតូនិងកង់ឡានដួលចូលក្រោមកង់រថយន្តកិនចំក្បាលស្លាប់មួយរំពេចតែម្ដង ចំណែកអ្នកបើកបរត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅប៉ុស្ដិ៍នគរបាលរដ្ឋាបាលច្បារអំពៅ២ធ្វើការសាកសួរ។

ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ជួយសម្រួលចរាចរណ៍ទាក់ទងទៅសាច់ញាតិ និងធ្វើកំណត់ហេតុប្រគល់សពជូននៅក្រុមគ្រួសារដឹកយកទទួលបុណ្យទៅតាមប្រពៃណី។ ចំណែករថយន្ត នឹងបើកបររថយន្តបង្កប្រគល់ឲ្យជំនាញការិយាល័យចរាចរណ៍ផ្លូវគោកនៅស្នងការនគរបាលរាជធានីភ្នំពេញយកទៅធ្វើការដោះស្រាយទៅតាមនីតិវិធីច្បាប់៕

អត្ថបទ៖ សេង សាវី

Share.