ភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូដើរហៅ អញ្ជើញភ្ញៀវចូលរួមកម្មវិធីកាត់ចំណងដៃ ជិះម៉ូតូលឿនកាត់ទទួលទទឹងផ្លូវ ហោះដួលអូសជិត១០ម៉ែត្រ រងរបួសធ្ងន់ បែកមុខ ប៉ោងភ្នែកម្ខាងដូចក្តាម វង្វេងបាត់ស្មារតី ។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង២និង៤០នាទីរសៀល ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤ នៅតាមផ្លូវជាតិលេខ៤ ផ្នែកបេតុងខាងក្នុង ជាប់ស្ពានអាកាសថ្មើរជើង មុខសាលាបឋមសិក្សាជម្ពូវ័ន ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះ តុល ម៉ៃ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរកម្មកររោងចក្រ ទើបរៀបការហើយថ្មីៗ ប្រពន្ធឈ្មោះ សុន ស្រីម៉ាច ស្នាក់នៅផ្ទះជួល ភូមិទ្រង់មាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ មានស្រុកកំណើតនៅភូមិដំណាក់ស្នួល ឃុំគោកគង់ខាងលិច ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង ។

តាមប្រភពបានឱ្យដឹងថា មុនកើតហេតុ ជនរងគ្រោះជិះម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HJ-7028 ដើរហៅភ្ញៀវ បងប្អូន ចូលរួមក្នុងកម្មវិធី កាត់ចំណងដៃ នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤ ខាងមុខនេះ នៅឯស្រុកកំណើត ហើយខណៈដែលជិះមកពីហៅភ្ញៀវ បងប្អូន នៅឯខណ្ឌកំបូលវិញ ធ្វើដំណើរតាមផ្លូវជាតិលេខ៤ ពីលិចទៅកើត ល្បឿនលឿន តែជិះលើផ្លូវបេតុងផ្នែកខាងក្នុង ដល់ចំណុចស្ពានអាកាសថ្មើរជើងមុខសាលារៀន មិនបានចាប់អារម្មណ៍ បុកឡើងទួលកាត់ទទឹងផ្លូវ បណ្តាលឱ្យហោះដួលអូសជិត១០ម៉ែត្រ រងរបួសបែកមុខ ភ្នែកស្តាំប៉ោងដូចភ្នែកក្តាម វង្វេងបាត់ស្មារតី ។

ក្រោយកើតហេតុ ជនរងគ្រោះសុំឱ្យពលរដ្ឋជួយ ទាក់ទងតាមទូរស័ព្ទប្រាប់ហៅបងប្អូន ហើយត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ។ ចំណែកម៉ូតូត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកជូននៅប៉ុស្តិ៍ចោមចៅទី៣ រង់ចាំប្រគល់ជូនជនរងគ្រោះវិញនៅពេលក្រោយ ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.