ភ្នំពេញ៖ រថយន្តហ្វតបើកបរលឿនខ្វះការប្រុងរេចង្កូតបុកម៉ូតូកង់បីរងការខូចចាតរួចបន្តបុករថយន្តព្រុសកំពុងចតនៅចិញ្ចើមផ្លូវខូចខាតយ៉ាងដំណំសំណាងល្អមិនបង្កគ្រោះថ្នាក់ដល់មនុស្ស កាលវេលាម៉ោង៥នឹង១០នាទីល្ងាចថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ស្ថិតនៅតាមបណ្ដោយផ្លូវ២១៧សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថាមុនពេលកើតហេតុគេបានឃើញរថយន្តមួយគ្រឿងម៉ាកហ្វតពណ៌សពាក់ស្លាកលេខភ្នំពេញ2AU-5679 បើកបរដោយស្ត្រីម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវ ២១៧ទិសដៅពីត្បូងមកជើង ខណៈមកដល់ត្រង់ចំណុចកន្លែងកើតហេតុស្រាប់តែរេចង្កូតមកស្ដាំដៃបុកជាមួយម៉ូតូកង់បីមួយគ្រឿងរងការខូចខាតរួចបន្តជ្រុលទៅបុករថយន្តព្រុសមួយគ្រឿងទៀតដែលកំពុងចតនៅចិញ្ចើមផ្លូវខូចខាតផ្នែកយ៉ាងដំណាំ សំណាងល្អមិនបង្ករគ្រោះថ្នាក់ដល់មនុស្ស។

ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ជួយសម្រួលចរាចរណ៍ទុកពេលឱ្យភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នាដោយមានតំណាងភាគីខាងរថយន្តបង្កបានចុះមកធ្វើការដោះស្រាយព្រម ចេញថ្លៃខូចខាតទាំងអស់ទៅអោយម៉ូតូកង់បីនិងរថយន្តព្រុសដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕

អត្ថបទ៖ សេង​ សាវី​

Share.