“មណ្ឌលចត្តាឡីស័ក” សម្រាប់បុគ្គលិកមន្ត្រីរាជការ និងបុគ្គលិកជាប់កិច្ចសន្យាក្រោមឱវាទ ក្រសួងសាធារណការ និងដឹកជញ្ជូនត្រូវបានដាក់ឲ្យដំណើរការជាផ្លូវការហើយនៅព្រឹកថ្ងៃទី ១៩ខែសីហាឆ្នាំ២០២១នេះ។

ក្រសួងសាធារណការបានបញ្ជាក់នៅក្នុងសេចក្តីជូនដំណឹងរបស់ខ្លួនថា ដើម្បីចូលរួមជាមួយ រាជរដ្ឋាភិបាល ក្នុងការបង្ការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្រសួងបានរៀបចំ មណ្ឌល ចត្តាឡីស័ក ស្ថិតនៅបរិវេណទីស្ដីការក្រសួង ក្នុងគោលបំណងជួយ សម្រួលបន្ទុក ជូនបុគ្គលិក មន្ត្រីរាជការ និងបុគ្គលិកជាបើកិច្ចសន្យាក្រោមឱវាទក្រសួង ដែលមានការជាប់ពាក់ព័ន្ធជាមួយ អ្នកវិជ្ជមានកូវីដ១៩ ជាយថាហេតុណាមួយ ហើយពុំមានលទ្ធភាពគ្រប់គ្រាន់ និងទីកន្លែងសមរម្យ សម្រាប់ការធ្វើចត្តាឡីស័ក នៅតាមគេហដ្ឋានដែលខ្លួនកំពុងរស់នៅ។

ក្រសួងសាធារណការនិងដឹកជញ្ជូនបានបញ្ជាក់ថា មណ្ឌលចត្តាឡីស័កនេះ ត្រូវបានរៀបចំ ឡើង ត្រឹមត្រូវតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាលដែលមានបំពាក់គ្រែស្នាក់នៅចំនួន៥០ មានបណ្ដាញទឹកស្អាត-អគ្គិសនី មានបន្ទប់អនាម័យសមរម្យ និងការផ្ដល់ជូនអាហារ០៣ពេល (ព្រឹក-ថ្ងៃ-ល្ងាច) ព្រមទាំងផ្ដល់ជូនការធ្វើតេស្តរហ័ស (Rapid Test) ដល់អ្នកធ្វើចត្តាឡីស័ក តាមពេលវេលាដែលកំណត់ទៀងទាត់ផងដែរ៕

Share.