ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ កម្លាំងនគរបាលនៃអធិការខណ្ឌដង្កោបានបញ្ជូនខ្លួនជនសង្ស័យម្នាក់ទៅតុលាការ បន្ទាប់ពីជនសង្ស័យធ្វើសកម្មភាពចូលលួចកាបូបស្ពាយដាក់លុយរបស់ប្រជាពលរដ្ឋត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួនបាន កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង១៧និង០០នាទី ត្រង់ចំណុចតូបលក់ដូរ ផ្លូវលំ ស្ថិតនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ ព្រំ សិលា ភេទស្រី អាយុ៦៤ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ទីលំនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ ចន ដារ៉ា ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានសារធាតុញៀន ឃាត់ខ្លួននៅវេលាម៉ោង១៨និង២០នាទី ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤ ។ ដកហូតបានកាបូបស្ពាយដាក់លុយ ពណ៌សលាយខ្មៅចំនួន០១ របស់ជនរងគ្រោះ។

សត្ថកិច្ចបានឱ្យដឹងថា មុនកើតហេតុ ជនរងគ្រោះបានបើកតូបលក់ដូរនៅផ្ទះគ្មានលេខ ផ្លូវលំ ស្ថិតនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ រហូតដល់វេលាម៉ោង១៧និង០០នាទី ថ្ងៃខែឆ្នាំដដែល ជនរងគ្រោះបានទុកកាបូបស្ពាយដាក់លុយនៅលើគ្រែក្នុងផ្ទះ ដែលនៅក្នុងកាបូបស្ពាយនោះមានលុយចំនួន៥០០,០០០រៀល (ហាសិបម៉ឺនរៀល) ហើយជនរងគ្រោះក៏បានយកបាយទៅបញ្ចុកចៅនៅខាងមុខផ្ទះ ។ ពេលនោះស្រាប់មានជនសង្ស័យ បានផ្លោះរបងចូលតាមបង្អួចផ្ទះរបស់ជនរងគ្រោះ រួចក៏ធ្វើសកម្មភាពលួចកាបូបស្ពាយដាក់លុយរបស់ជនរងគ្រោះ ហើយរត់គេចខ្លួនទៅខាងក្រោយផ្ទះ ពេលនោះជនរងគ្រោះបានឃើញជនសង្ស័យក៏បានស្រែកឆោឡោថា ចោរៗ ហើយជនសង្ស័យក៏បានរត់គេចខ្លួនចូលក្នុងទឹកបឹងត្រកួន រួចបោះកាបូបស្ពាយចូលទៅបឹងត្រកួន ដោយមានប្រជាពលរដ្ឋជិតខាងបានឃើញហេតុការណ៍នោះ បានជួយដេញតាម និងឃាត់ខ្លួនជនសង្ស័យខាងលើ រួមនិងវត្ថុតាង កាបូបស្ពាយពណ៌ខ្មៅលាយសចំនួន០១ យកមកប្រគល់ឱ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃស ធ្វើការសាកសួរតាមនីតិវិធីច្បាប់។

ក្រោយឃាត់ខ្លួន ជនសង្ស័យបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា រូបគេពិតជាបានធ្វើសកម្មភាពលួចកាបូបស្ពាយដាក់លុយរបស់ជនរងគ្រោះ ហើយរត់គេចខ្លួនចូលក្នុងបឹងត្រកួន រួចបានបោះកាបូបស្ពាយដាក់លុយរបស់ជនរងគ្រោះចូលក្នុងទឹក ធ្វើឱ្យបាត់បង់លុយដែលនៅក្នុងកាបូបរបស់ជនរងគ្រោះ ពិតប្រាកដមែន ។ បច្ចុប្បន្នជនសង្ស័យត្រូវបានបានសមត្ថកិច្ចឃាត់ខ្លួន រៀបចំចាត់ការតាមផ្លូវច្បាប់តែម្តង៕

អត្ថបទ៖ សេង សាវី

Share.