ភ្នំពេញ ៖ បុរសម្នាក់រងរបួសធ្ងន់ បាក់ជើងស្តាំ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូហុងដាឌ្រីមបត់ឆ្លងផ្លូវទៅបុកម៉ូតូMSXជិះច្រាសទិសគ្នា ។ ហេតុការណ៍ខាងលើកើតឡើង កាលពីវេលាម៉ោង១០និង១៥នាទីព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ នៅតាមផ្លូវបេតុងក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍ សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះម្នាក់ ឈ្មោះ ប៉ុល សុខ ភេទប្រុស អាយុ៤១ឆ្នាំ ស្នាក់នៅក្នុងភូមិកើតហេតុ មានស្រុកកំណើតនៅ ផ្ទះលេខ៤១ ក្នុងភូមិត្រពាំងរេ ឃុំជ្រៃ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង របួសបាក់ជើងខាងស្តាំ ជិះម៉ូតូម៉ាកMSX ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FV-0107 ជាមធ្យោបាយ ។

តាមប្រភពបានឱ្យដឹងថា មុនកើតហេតុ ភាគីម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1JP-1078 ជិះដោយយុវជនម្នាក់ ធ្វើដំណើរពីត្បូងទៅជើង ដល់ចំណុចកើតហេតុ បត់ឆ្លងផ្លូវ ជ្រុលទៅបុកម៉ូតូMSX ជិះដោយជនរងគ្រោះ ពីជើងទៅត្បូង បណ្តាលឱ្យរងរបួសធ្ងន់ បាក់ជើងស្តាំ ចំណែកខាងម៉ូតូហុងដាឌ្រីម រងរបួសស្រាល ។

ក្រោយកើតហេតុ ភាគីសងខាង សុទ្ធតែអ្នកស្គាល់គ្នា ត្រូវបានក្រុមគ្រួសារដោះស្រាយគ្នា ដោយភាគីខាងម៉ូតូហុងដាឌ្រីម ទទួលខុសត្រូវទៅលើការព្យាបាលជនរងគ្រោះ ចំណែកម៉ូតូយកទៅផ្ទះរៀងខ្លួន ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.