ភ្នំពេញ ៖ រថយន្តចំនួន៣គ្រឿង បើកបុករុញបន្តកៀបជាប់គ្នា បណ្តាលឱ្យរងខូចខាតដំណំ តែពុំបង្កឱ្យរបួសដល់មនុស្សឡើយ ។ ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៧និង៥០នាទីព្រឹក ថ្ងៃទី១៩ ខែមិនា ឆ្នាំ២០២៤ នៅតាមផ្លូវសហព័ន្ធរុស្សុី ចំណុចភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពនៅកន្លែងបានឱ្យដឹងថា មុនកើតហេតុរថយន្តបង្ក កូរ៉េម៉ាកហុីយ៉ាន់ដាយ ពណ៌បៃតង ពាក់ស្លាកលេខ ភ្នំពេញ 2Z-2820 ដឹកឥដ្ឋការ៉ូ បើកលឿនពីកើតទៅលិច ដល់ចំណុចកើតហេតុ រថយន្តដឹកធ្ងន់ ហ្វ្រាំងមិនជាប់ ជ្រុលបុកពីក្រោយរថយន្តម៉ាក MITSUBISHI ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BT-7175 ដែលកំពុងឈប់ស្ងៀម ពីកើតទៅលិច រុញទៅផ្ទប់រថយន្តម៉ាកហាយឡែនឌ័រ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AU-7560 ដែលកំពុងបើកឆ្លងផ្លូវពីជើងទៅត្បូង បណ្តាលឱ្យកៀបជាប់គ្នា រងខូច ខាតដំណំ ។

តែបើតាមសម្តីអ្នកបើកបររថយន្តMITSUBISHI បានឱ្យដឹងថា មុនកើតហេតុគាត់បើកពីកើតទៅលិច ដល់ចំណុចខាងលើ ក៏បានឈប់ ដោយសាររថយន្តហាយឡែនឌ័រ បើកឆ្លងកាត់ផ្លូវ ស្រាប់តែរថយន្តដឹកឥដ្ឋការ៉ូ បើកបុកពីក្រោយ រុញផ្ទប់រថយន្តខាងមុខតែម្តង ។ ក្រោយកើតហេតុ សមត្ថកិច្ចចុះទៅអន្តរាគមន៍ វាស់វែងយករថយន្តទាំង៣គ្រឿងទៅរក្សាទុកនៅផ្នែកជំនាញខណ្ឌជាបណ្តោះអាសន្ន រងចាំដោះស្រាយគ្នានៅពេលក្រោយទៀត ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.