ភ្នំពេញ៖ មន្ត្រីនគរបាលមួយរូប ឋានន្តរសក្តិ ឧត្តមសេនីយ៍ទោ អនុប្រធាននាយកដ្ឋាននគរបាលពន្លត់អគ្គិភ័យ ត្រូវបានតុលាកាបង្គាប់ឱ្យចាប់ឃាត់ខ្លួន នាំទៅសាកសួររួចសម្រេចឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារ PJភ្លាមៗ ក្នុងសំណុំរឿងឆបោក ទទួលប្រាក់ជាង៥មុឺនដុល្លារ ពីអ្នកដទៃ ដើម្បីយកទៅរត់ការចូលក្រមខ័ណ្ឌនគរបាលជាតិ ។

ជនសង្ស័យខាងលើ មានឈ្មោះ អេង សាវឿន ភេទប្រុស អាយុ៥៤ឆ្នាំ មុខរបរ ជាមន្ត្រីនគរបាលជាតិ មានឋានន្តរសក្តិ ឧត្តមសេនីយ៍ទោ មានតួនាទីជាអនុប្រធាននាយកដ្ឋាននគរបាលពន្លត់អគ្គិភ័យនៃក្រសួងមហាផ្ទៃ ដែលមានទីលំនៅផ្ទះលេខ០២អឺ០ ផ្លូវលំ ភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ការចាប់ខ្លួនបានប្រព្រឹត្តទៅកាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី១៨ ខែមិនា ឆ្នាំ២០២៤ នៅចំណុចផ្លូវលេខ៤៦៦ កែងផ្លូវលេខ៦៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ អនុវត្តឡើងដោយ កម្លាំងសមត្តកិច្ចការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ ក្រោមបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់ពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ និងលោកឧត្តមសេនីយ៍ទោ លី ប៊ុនអេង ស្នងការរងទទួលដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ។

ជនសង្ស័យជាប់ពាក់ព័ន្ធពីបទឆបោកប្រាក់ ប្រព្រឹត្តនៅចំណុចរាជធានីភ្នំពេញ កាលពីថ្ងៃទី១៧-២២-២៧ ខែកញ្ញា ឆ្នាំ២០២១ និងអនុវត្តតាមដីកាបង្គាប់ឱ្យនាំខ្លួនលេខ ៣១៩«ឆ១»ដ.ច.ន ចុះថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ចេញដោយលោក ហម ម៉េងសែ អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ ។

ក្រោយពីឃាត់ខ្លួនបានជនសង្ស័យ សមត្ថកិច្ចនាំខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចៅក្រមស៊ើបសួររួចសម្រេចឃុំខ្លួនជាបណ្តោះអាសន្ននៅPJ ក៏ប៉ុន្តែល្ងាចណាស់ទៅហើយ តុលាកាផ្ញើជនសង្ស័យនៅការិយាល័យព្រហ្មទណ្ឌសិន រងចាំព្រឹកថ្ងៃទី១៩ ខែមិនា ឆ្នាំ២០២៤ ទើបនាំខ្លួនជនសង្ស័យបញ្ជូនទៅពន្ធនាគារ PJ តែម្តង ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.