ភ្នំពេញ៖ ក្មេងស្រីរងគ្រោះម្នាក់ ដែលចាញ់បោកមេខ្យល់យកទៅលក់នៅប្រទេសចិន បានធ្វើដំណើរមកដល់កម្ពុជាហើយ កាលពីយប់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤មិញនេះ ក្រោយជួយសង្គ្រោះពីសំណាក់អាជ្ញាធរកម្ពុជា និងសមត្ថកិច្ច ចិន ជួយសង្រ្គោះចេញពីការឃុំឃាំងនៅក្នុងបន្ទប់ផ្ទះជួលនៅប្រទេសចិន កាលពីប៉ុន្មានថ្ងៃមុន។

លោកបណ្ឌិត ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឱ្យដឹងនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤នេះថា ក្មេងស្រីរងគ្រោះម្នាក់ ដែលចាញ់បោកមេខ្យល់យកទៅលក់នៅប្រទេសចិន ហើយត្រូវបានកម្ពុជាយើងជួយសង្គ្រោះ ដោយមានកិច្ចសហការគ្នាយ៉ាងស្អិតរមួតរវាងក្រសួងមហាផ្ទៃ និងក្រសួងការបរទេស ជាពិសេសក្រោមឆត្រនៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គឺបានមកដល់កម្ពុជាដោយសុវត្ថិភាព នៅយប់មិញនេះ។

សូមបញ្ជាក់ដែរថា កិច្ចអន្តរាគមន៍ជួយសង្គ្រោះ និងបញ្ជូនក្មេងស្រីរងគ្រោះមកកម្ពុជាវិញនេះ បានធ្វើឡើងក្រោយក្មេងស្រីរូបនេះ បានបង្ហោះវីដេអូមួយកាលពីថ្ងៃសៅរ៍ ទី០៩ ខែមីនាឆ្នាំ២០២៤ ដោយមានគេហទំព័រគណនីអាខោនហ្វេសប៊ុកឈ្មោះ នាងធីដា បានបង្ហោះ វីដេអូឃ្លីប ភ្ជាប់ជាមួយគេហទំព័រគណនីអាខោនហ្វេសប៊ុក លី ណា ដែលមានខ្លឹមសារថា “ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នា ខ្ញុំ មានឈ្មោះថា ភិផា មានអាយុ ១៦ឆ្នាំ ហើយអ្នកខេត្តត្បូងឃ្មុំ អ្នកស្រុក ក្រូចឆ្មារ អ្នកភូមិខ្សាច់ប្រឆេះក្រោម ឥឡូវហ្នឹងខ្ញុំ បានចាញ់បោកគេ ហើយមេខ្យល់យកខ្ញុំមកលក់នៅឯ ប្រទេសចិន គេថាយកខ្ញុំមកធ្វើការ ប៉ុន្តែគេយក ខ្ញុំមកលក់ ហើយគេយកខ្ញុំមកយកប្តីចិន គេចាប់ខ្ញុំឃុំ ៦ខែ ហើយគេចាក់សោរពីក្រៅទៀត អញ្ចឹងខ្ញុំមានតែម្រាមដៃ ១០ សំពះសុំជំនួយសម្តេចយាយ សម្តេចតា សម្តេច ហ៊ុន សែន ជួយកូនចៅទៅវិញផង។

នៅពេលទទួលបានដំណឹងនេះ អាជ្ញាធរកម្ពុជា តាមរយៈក្រសួងមហាផ្ទៃ និងក្រសួងការបរទេស បានទាក់ទងទៅកាន់ស្ថានទូតកម្ពុជាប្រចាំនៅប្រទេសចិន ជាពិសេសស្ថាន​អគ្គកុងស៊ុល​កម្ពុជា​នៅ​ទីក្រុង​សៀងហៃ សហការគ្នាជាមួយអាជ្ញាធរមានសមត្ថកិច្ចរបស់ចិន ដើម្បីជួយសង្គ្រោះ និងសម្របសម្រួលបញ្ជូនក្មេងស្រីរងគ្រោះមកកម្ពុជាវិញដោយសុវត្តិភាពហើយ នៅយប់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤នេះ៕​

អត្ថបទ៖ សង្គម

https://troryorng.com
Share.