ភ្នំពេញ ៖ រថយន្តធុនធំ សណ្តោងរុឺម៉កមួយគ្រឿង បើកបរលឿនវ៉ាជែងខាងស្តាំ ជ្រុលកៀររថយន្តឡិចសុីសLX470 ស្របទិសហើយរេចង្កូតឡើងចិញ្ចើម ក្រឡាប់ផ្ងារជើងចាក់អុីវ៉ាន់ចោលរាយប៉ាយ ។ ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ ស្ថិតនៅតាមមហាវិថីឈ្នះ ឈ្នះ ចំណុចភូមិកប់ស្រូវ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។

តាមប្រភពបានឱ្យដឹងថា នៅមុនពេលកើតហេតុ រថយន្តធុនធំ ម៉ាកហុីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ កំពង់ចាម 3A-7874 សណ្តោងរុឺម៉ក ពាក់ស្លាកលេខ កំពង់ចាម 4A-0655 ដឹកទំនិញ បើកបរល្បឿនលឿនពីកើតទៅលិច ដល់ចំណុចកើតហេតុវ៉ាជែងស្តាំ ជ្រុលកៀររថយន្តឡិចសុីសLX470 ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ឆ្នាំ2A-9999 បើកស្របទិស ហើយរេចង្កូតឡើងចិញ្ចើមផ្លូវ បណ្តាលឱ្យក្រឡាប់ផ្ងារជើងចាក់អុីវ៉ាន់ចោលរាយប៉ាយ រថយន្តឡិចសុីសខ្ទេចមួយចំហៀង សំណាងល្អអ្នកបើកបររងរបួសស្រាល ។

ក្រោយកើតហេតុសមត្ថកិច្ចចុះទៅអន្តរាគមន៍ អនុញ្ញាតិឱ្យខាងរថយន្តធុនធំ រើយកអុីវ៉ាន់ចេញទៅដាក់រថយន្តផ្សេង ហើយស្ទូចនិងយករថយន្តទាំង២គ្រឿងទៅរក្សាទុកនៅការិយាល័យចេាចរណ៍ជើងគោក ស្នងការក្រុងភ្នំពេញ រងចាំភាគីសងខាងដោះស្រាយគ្នាពេលក្រោយ ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.