ស្វាយរៀង ៖ ស្ត្រី២នាក់ម្តាយកូនជិះម៉ូតូហុងដាវ៉េវឌុបគ្នាវិលមកពីផ្សារលឿនស្លេវជ្រុលទៅបុកជាមួយគោយន្តដឹកដី បើកច្រាសទិសកំពុងបត់ឆ្លងផ្លូវ បណ្តាលឱ្យម្តាយរបួសធ្ងន់បាក់ជើងស្តាំ ចំណែកកូនរងរបួសស្រាល ។ ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៩និង៥១នាទីព្រឹក ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ ស្ថិតនៅ តាមផ្លូវជាតិលេខ១ គីឡូម៉ែត្រលេខ១៤៧-១៤៨ ក្នុងភូមិជ្រៃធំ សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង ។

ស្ត្រីរងគ្រោះរបួសធ្ងន់ មានឈ្មោះ អុឹម ការភា អាយុ៤៨ឆ្នាំ មុខរបរកសិករ របួសបាក់ជើងស្តាំ ចំណែកកូនស្រីរងរបួសស្រាល ឈ្មោះ និន សុផល អាយុ២៨ឆ្នាំ មុខរបរកសិករ រស់នៅក្នុងភូមិទួលស្តី ឃុំទួលស្តី ស្រុកចន្ទ្រា ខេត្តស្វាយរៀង ។ រីឯអ្នកបើកបរគោយន្ត ឈ្មោះ រ៉ុង រក្សា ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិកំពោតស្គារ សង្កាត់ច្រកម្ទេស ក្រុងបាវិត ។

តាមសមត្ថកិច្ចបានឱ្យដឹងថា មុនកើតហេតុ ជនរងគ្រោះ២នាក់ម្តាយកូនជិះម៉ូតូ ហុងដាវ៉េវ ពណ៌ក្រហម ពាក់ស្លាកលេខ ស្វាយរៀង 1R-4493 ជិះលឿនពីលិចទៅកើត ដល់ចំណុចកើតហេតុ ជ្រុលបុកជាមួយគោយន្តដឹកដី បើកពីកើតទៅលិច បត់ឆ្វេងឆ្លងផ្លូវ បណ្តាលឱ្យម្តាយរងរបួសធ្ងន់បាក់ជើងស្តាំ កូនស្រីរបួសស្រាល ។

ក្រោយកើតហេតុជនរងគ្រោះ២នាក់ម្តាយកូនត្រូវបានរថយន្តសង្គ្រោះដឹកបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង ចំណែកមធ្យោបាយទាំង២គ្រឿង សមត្ថកិច្ចវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋានក្រុងបាវិត រងចាំដោះស្រាយនៅពេលក្រោយ ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.