ភ្នំពេញ ៖ រថយន្តដឹកម៉ាសុីលាយបេតុងមួយគ្រឿង បើកទាក់រមូខ្សែភ្លើង បណ្តាលឱ្យទាញបាក់ប្រេះបង្គោលភ្លើងរដ្ឋមួយដើម ដាច់ខ្សែកាបអុបទិច បាក់ស្លាកប៉ាណូមួយផ្ទាំង ។ ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៦ល្ងាចថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ នៅផ្លូវបេតុងច្រកចូលវត្តជន្លង់ម្លូ កែងផ្លូវជាតិលេខ៣ ក្នុងភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ។

តាមប្រភពនៅកន្លែងបានឱ្យដឹងថា មុនកើតហេតុ រថយន្តធុនធំ ម៉ាកហុីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3H-1218 មានដឹកម៉ាសុីនលាយបេតុង នៅពីលើផង បើកពីផ្លូវជាតិលេខ៣ ចូលផ្លូវបេតុងវត្តជម្លង់ម្លូ ពីកើតទៅលិច ស្រាប់តែទាក់ខ្សែភ្លើង ខ្សែកាប ទាញបណ្តាលបាក់ប្រេះបង្គោលភ្លើងរដ្ឋមួយដើម ដាច់ខ្សែកានអុបទិច និងបាក់ស្លាកប៉ាណូមួយផ្ទាំងរបស់ក្រុមហ៊ុនឯកជន ។

ក្រោយកើតហេតុ សមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន ឃាត់រថយន្តសិន រងចាំមន្ត្រីអគ្គិសនី និងម្ចាស់ស្លាកប៉ាណូ ទៅពិនិត្យជាក់ស្តែង ឃើញថាបង្គ្រោះភ្លើងបាក់ប្រេះទ្រេតមួយដើម ។ ហើយករណីខាងលើ រងចាំមន្ត្រីខាងបច្ចេកទេស ពិនិត្យវាយតម្លៃនៃការខូចខាតបង្គោលភ្លើង ដើម្បីធ្វើការសម្របសម្រួលគ្នា ជាក្រោយ និងចេញថ្លៃខូចខាតស្លាកប៉ាណូ ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.