ផ្លូវរត់តាមបណ្ដោយឆ្នេរនៃក្រុងព្រះសីហនុ គឺស្រស់ស្អាតខ្លាំង ពិសេសក្រោយការជួសជុល និង សាង​សង់​ហេដ្ឋានរចនាសម្ព័ន្ធជាច្រើនរបស់រាជរដ្ឋាភិបាល បើធៀប​ព្រឹត្តិការណ៍​កីឡា​បណ្ដា​ប្រទេស​ក្នុង​តំបន់ មិនទាន់មានផ្លូវរត់តាមឆ្នេរស្អាតបែបនេះឡើយ។

រូបតំណាង

នេះបើតាមប្រសាសន៍របស់ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និង​ជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) នៅក្នុងក្នុងសន្និសីទសារព័ត៌មាន ស្ដីពីទិរត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុង លើកទី៩ នៅខេត្តព្រះសីហនុ នាថ្ងៃទី១៨ ខែមីនា។

ព្រឹត្តិការណ៍កីឡាទេសចរណ៍នេះ នឹងត្រូវរៀបចំផ្លូវការនាព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៤ ខាងមុខ ដោយ​ចេញដំណើរ និងបញ្ចប់ នៅតំបន់ឆ្នេរអូរឈើទាល ស្របពេលគណៈកម្មការរៀបចំ ក៏បាន​ចាប់​ផ្ដើម​ទទួលពាក្យចូលរួមឡើងវិញផងដែរ ដើម្បីផ្ដល់ឱកាសឲ្យប្រជាពលរដ្ឋបានចូលរួមបន្ថែមទៀត។


ឧត្តម វ៉ាត់ ចំរើន បាន​លើកឡើង​ថា៖ ផ្លូវរត់ស្អាត បើគ្មានការចូលរួមពីប្រជាពលរដ្ឋ ក៏មិន​អាចរុញ​ឲ្យ​ព្រឹត្តិការណ៍​កីឡាមួយទទួលបានជោគជ័យដែរ។ ហេតុនេះ ឯកឧត្តមបានស្នើឲ្យមានការយោគយល់ និង​អំពាវ​នាវឲ្យប្រជាពលរដ្ឋចូលរួមឲ្យបានច្រើន ជាពិសេសអ្នកខេត្តព្រះសីហនុ រួសរាន់​ចុះ​ឈ្មោះ​ចូលរួម​ទិវារត់​ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុង លើកទី៩ នៅ​ក្រុង​ព្រះ​សីហនុ​ឲ្យបាន​ច្រើន​កុះ​ករ ដើម្បីរួមគ្នាបង្ហាញពីសក្ដានុពលឆ្នេរសមុទ្រកម្ពុជា និង​ឈានទៅ​រក​ការ​ប្រកួត​ប្រជែង​ព្រឹត្តិការណ៍​កីឡាតាមតំបន់ឆ្នេរក្នុងតំបន់។

គួបញ្ជាក់ផងដែរថា មកទល់ពេលនេះ ទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុង លើកទី៩ នៅខេត្តព្រះសីហនុ បានទទួលអ្នកចុះឈ្មោះជាង ១,១៦០នាក់ហើយ ក្នុងនោះមានអ្នករត់ចម្ងាយ ២១គីឡូ​ម៉ែត្រ ជាង ២៥០នាក់, អ្នករត់ចម្ងាយ ១០គីឡូម៉ែត្រជាង ៤៥០នាក់, អ្នករត់ចម្ងាយ ៥គីឡូម៉ែត្រជិត ៣០០នាក់ និងអ្នករត់កម្សាន្ដជាង ៣០០នាក់។

ក្នុង​ចំណោមអ្នកចុះឈ្មោះសរុប ក៏មានជនបរទេសជាង ២០០នាក់ផងដែរ។ យ៉ាងណាមិញ គណៈ​កម្មាធិការ​ម៉ារ៉ាតុង នៅតែបន្ដទទួលពាក្យ រហូតដល់ថ្ងៃទី០៥-០៦ ខែមេសា ដើម្បី​ផ្ដល់​សម្ភារ​ជូន​អ្នក​ចុះឈ្មោះ នៅទីតាំងឆ្នេរអូឈើទាលផ្ទាល់តែម្ដង៕

ប្រភព៖ NOCC

រូបតំណាង
Share.