បាត់ដំបង៖ កងរាជអាវុធហត្ថខេត្តបាត់ដំបង បានដឹកនាំកម្លាំងចុះបង្រ្កាបឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ករណីប្រើប្រាស់ឯកសណ្ឋាន និងក្លែងបន្លំឯកសារកងទ័ព ស្ថិតភូមិព្រៃសង្ហា ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤។

លោកឧត្តមសេនីយ៍ត្រី ហែម វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង 

ប្រតិបត្តិការណ៍នេះ ក្រោមការដឹកនាំដោយលោកវរសេនីយ៍ឯក ហួត សុភាព មេបញ្ជាការរងទទួលការងារស្រាវជ្រាវព័ត៌មានសន្ដិសុខ កងរាជអាវុធហត្ថខេត្តបាត់ដំបង ដោយអនុវត្តតាមបទបញ្ជាលោកឧត្តមសេនីយ៍ត្រី ហែម វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងដោយមានការសម្របសម្រួលនីតិវិធីពី លោក កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត រហូតឈានទៅដល់ឃាត់ខ្លួនជនសង្ស័យពីរនាក់ ទី១-ឈ្មោះកាន់ យ៉ុង អាយុ៥០ឆ្នាំ មានមុខរបរជាអ្នកខួងអណ្ដូង រស់នៅភូមិព្រៃសង្ហា ឃុំខ្នាចរមាស ស្រុកបវេល។ ទី២-ឈ្មោះ សួង តារា អាយុ៣៩ឆ្នាំ មានមុខរបរជាអ្នកលក់ដូរ រស់នៅភូមិគោកក្ដួច ឃុំតាពូង ស្រុកថ្មគោល។

ក្រោយឃាត់ខ្លួន សមត្ថកិច្ចដកហូតវត្ថុតាងបានរួមមាន៖ មួកកាសស្កេតពណ៌ត្រេអ៊ីចំនួន០២, សម្លៀកបំពាក់យោធាលេខ០៣ចំនួន០២កំផ្លេរ, ខ្សែក្រវាត់យោធាចំនួន១, ឋានន្ដរសក្ដិ០២គូ, គ្រឿងឥស្សរិយស២ផ្ទាំង, ស្លាកឈ្លោះ១, សញ្ញាអគ្គបញ្ជាការចំនួន២, សញ្ញាកងយោធពលខេមរភូមិន្ទចំនួន០២, ស៊ីញរូបកាំភ្លើងពាក់-កអាវចំនួន០២គូ, សញ្ញាកងការពារព្រំដែនចំនួន១ , សេចក្ដីសម្រេចតែងតាំងចំនួន២សន្លឹក, លិខិតបញ្ជាបេសកកម្មចំនួន១សន្លឹក, កុំព្យូទ័រយួរដៃ ប្រភេទឡេបថប Laptop ចំនួន១គ្រឿង, រថយន្ដ១គ្រឿង ម៉ាក់ហាយឡិនឌឺពណ៌ទឹកប្រាក់សេរីឆ្នាំ២០០៤ ពាក់ស្លាកលេខ ភ្នំពេញ ២AG-៨៤២៥ និងលិខិតធានាមិនទាន់បំពេញចំនួន៣សន្លឹក។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់​ រួមនិងវត្ថុតាង ត្រូវបានមន្ត្រីជំនាញ កសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធី៕

អត្ថបទ៖ ចតុមុខ

Share.