សិក្ខាកាមចំនួន ២៤រូប បានបញ្ចប់​សិក្សាវគ្គសាមគ្គី​អូឡាំពិក ស្ដីពីគ្រូបង្វឹកកីឡាអត្តពលកម្ម CECS កម្រិត១ ដែលទទួលបានការឧបត្តម្ភពីអង្កការសាមគ្គីអូឡាំពិកអន្តរជាតិ (OS) នៅ​ទីស្នាក់​ការ​គណៈ​កម្មាធិការជាតិអូឡាំពិកកម្ពុជា។

ឯកឧត្តមទេសរដ្ឋមន្ត្រី ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បាន​អញ្ជើញ​ចូល​រួម​ផ្ដល់​វិញ្ញាបនបត្រ ដល់សិក្ខាកាម ដែល​បាន​បញ្ចប់​វគ្គសាមគ្គី​អូឡាំពិក ស្ដីពីគ្រូបង្វឹកកីឡាអត្តពលកម្ម CECS កម្រិត១ នាព្រឹថ្ងៃទី ២០ ខែមីនា ឆ្នាំ២០២៤។

ក្រោយ​បញ្ចប់​វគ្គសាមគ្គី​អូឡាំពិកនេះ លោកខឿន ឈុនណា គ្រូបង្វឹក​អត្តពល​កម្មមក​ពីខេត្ត​សៀម​រាប បាន​និយាយថា អត្តពលិកភាគច្រើនសុទ្ធតែជាកីឡាករធំៗមិនសូវមានការហ្វឹកហាត់ពីក្មេងទេ បើ​យើបានបង្ហាត់ពួកគាត់ពីក្មេងទៅ ថ្ងៃ​ខាងមុខប្រភេទ​កីឡា​អត្តពលកម្ម​នឹង​រក​បាន​កីឡាករ​ដែរ​មាន​គុណភាពច្រើន។

សូម​បញ្ជាប់​ថា ក្រៅពី​ការបញ្ដុះបណ្ដាល​ផ្នែក​ទ្រឹស្តី ក៏​មាន​សកម្មភាពមួយចំនួន នៃ​ការអនុវត្ត​ផ្ទាល់​នៅលើទីលាន ក្នុងវគ្គសាមគ្គីអូឡាំពិក ស្ដីពីគ្រូបង្វឹកកីឡាអត្តពលកម្ម CECS កម្រិត១។ ខណៈ​កម្មវិធីនេះ​ត្រូវ​បានបញ្ចប់នាព្រឹកថ្ងៃទី ២០ ខែមីនា ឆ្នាំ២០២៤៕

Share.