មណ្ឌលគិរី ៖ មនុស្ស២នាក់បានស្លាប់ ចំណែក៣នាក់ទៀតកំពុងសង្គ្រោះនៅមន្ទីរពេទ្យ បន្ទាប់ពីបរិភោគសាច់ជ្រូកព្រៃ (សាច់ជូ) បង្កឱ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ ស្ថិតក្នុងភូមិស្រែហ៊ុយ ឃុំស្រែហ៊ុយ ស្រុកកោះញ៉ែក ខេត្តមណ្ឌគិរី ។

តាមសមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះទាំង៥នាក់ ជាក្រុមគ្រួសារ ប្តីប្រពន្ធ កូន និងបងថ្លៃ ទី១ ឈ្មោះ យ៉េង ជីនាន ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិព្នង មុខរបរកសិករ មានទីលំនៅក្នុងភូមិភូមិស្រែហ៊ុយឃុំស្រែហ៊ុយ ស្រុកកោះញ៉ែក ខេត្តមណ្ឌលគិរី (ស្លាប់) ។ ទី២ ឈ្មោះ ផាន សុបឿន ភេទស្រី អាយុ២៩ឆ្នាំ ជនជាតិព្នង មុខរបរកសិករ ត្រូវជាប្រពន្ធ (ស្លាប់) ។ ទី៣ ឈ្មោះ ជីនាន វិសាល ភេទប្រុស អាយុ៦ឆ្នាំ ត្រូវជាកូន (កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ) ។ ទី៤ ឈ្មោះ ជីនាន ពិសី ភេទស្រី អាយុ៤ឆ្នាំ ត្រូវជាកូន (កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ) ។ ទី៥ ឈ្មោះ កែវ ស្នា ភេទប្រុស អាយុ៤០ឆ្នាំ ត្រូវជាបងថ្លៃ រស់នៅក្នុងភូមិ ឃុំកើតហេតុ ភូមិ ឃុំ កើតហេតុ (កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ) ។

ប្រភពបានឱ្យដឹងថា ជនរងគ្រោះទាំង៥នាក់ ក្រោយពីបរិភោគសាច់ជ្រូកព្រៃ (សាច់ជូ) រួច ស្រាប់តែកើតមានធាការៈក្អួតចង្អោរ ដែលគេសង្ស័យថាពុលចំណី ហើយត្រូវបានអ្នកស្រុក ដឹកបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្ត ជាអកុសល ជនរងគ្រោះ២នាក់ប្តីប្រពន្ធបានស្លាប់ ចំណែកកូនប្រុសស្រី២នាក់ និងបងថ្លៃម្នាក់ទៀត កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី ។ ជុំវិញករណីពុលសាច់ជ្រូកព្រៃខាងលើ សមត្ថកិច្ច ក្រុមគ្រូពេទ្យ កំពុងធ្វើការស្រាវជ្រាវ ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.