ស្វាយរៀង ៖ រថយន្តកាមរីហាយប្រីតមួយគ្រឿង បើកបរលឿនបត់ផ្លូវកែងមិនទាន់ ជ្រុលបុកចូលផ្ទះប្រជាពលរដ្ឋ រងខូចខាតផើងផ្កា រថយន្តខូចខាតធ្ងន់ របួសអ្នកបើកបរ ។ ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៩យប់ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ នៅតាមផ្លូវបេតុង 314D មុខវត្តត្រពាំងត្រាវ ក្នុងភូមិត្រពាំងត្រាវ ឃុំញរ ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង ។

តាមប្រជាពលរដ្ឋបានឱ្យដឹងថា មុនកើតហេតុគេឃើញរថយន្ត កាមរីហាយប្រីត ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2I-7177 បើកលឿនពីកើតទៅលិច ដល់ចំណុចកើតហេតុ ស្ថានភាពផ្លូវកោង កែង បត់មិនទាន់ ជ្រុលត្រង់ទៅមុខ បុកផើងផ្កា រានទេវតា ចូលដល់ទ្វារផ្ទះប្រជាពលរដ្ឋ បែកផើងផ្ការរាយប៉ាយ រថយន្តខូចខាតខ្ទេច របួសអ្នកបើកបរ សំណាងល្អម្ចាស់ផ្ទះមិនមានរងរបួស ។

ក្រោយកើតហេតុ អ្នកបើកបររថយន្តត្រូវបានបងប្អូនប្រជាពលរដ្ឋដឹកយកទៅពេទ្យលាងរបួស ចំណែករថយន្តសមត្ថកិច្ចទុកនៅកន្លែងកើតហេតុសិន រង់ចាំម្ចាស់រថយន្តមកសម្របសម្រួលជាមួយម្ចាស់ផ្ទះ នៃការខូចខាតសម្ភារៈមាននៅមុខផ្ទះ ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.