លោក Choi Young Seok គ្រូ​បង្វឹក​កីឡា​តេក្វាន់ដូ ជនជាតិ​កូរ៉េខាងត្បូង ដែល​បាន​ជួយ​ដល់​ប្រទេស​ថៃ រក​បាន​មេដាយ​មាស នៅ​ក្នុង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​ឆ្នាំ​២០២០ Olympic Games 2020 កាល​ពី​ពេល​ថ្មីៗ​នៅ​ទីក្រុង​តូក្យូ កំពុង​តែ​រៀបចំ​ឯកសារ​ស្នើសុំ​សញ្ជាតិ​ថៃ ក្រោម​ពី​ធ្វើ​ដំណើរ​ត្រឡប់​មក​ដល់​ប្រទេស​អាស៊ាន មួយ​នេះ​វិញ។

សារព័ត៌មាន The Nation របស់​ថៃ បាន​បញ្ជាក់​ថា​ឯកសារ​ស្នើសុំ​​សញ្ជាតិ​របស់​បុរស​វ័យ​៤៧​ឆ្នាំ​រូប​នេះ​បាន​ដល់​ទីស្នាក់ការ​នគរ​បាល​ជាតិ ក្នុង​រាជធានី​បាងកក រួចរាល់​ហើយ។ លោក​ Pimol Srivikorn ប្រធាន​សមាគម​កីឡា​​តេក្វាន់ដូ​របស់​ថៃ និង​កីឡា​ការិនី Panipak Wongpattanakit ម្ចាស់​មេដាយ​មាស​ ទម្ងន់​៤៩​គីឡូក្រាម​ផ្នែក​នារី នៅ​ទីក្រុង​តូក្យូ​ថ្មីៗ ជា​អ្នក​​ជូនដំណើរ​​បុរស​កូរ៉េខាងត្បូង រូប​នេះ​ដាក់​ពាក្យ​ស្នើសុំ។

ឈ្មោះ​ថ្មី​របស់​លោក​សម្រាប់​ស្នើសុំ​សញ្ជាតិ​ថៃ​គឺ Chatchai Che ហៅ​ក្រៅ​ថា​Coach Chaeដែល​លោក​ទទួល​បាន​១០០​ពិន្ទុ​ពេញ ក្នុង​កិច្ច​សម្ភាសន៍​ផ្ទាល់​មាត់​ជាមួយ​​មន្រ្តី​ជំនាញ​ដើម្បី​ទទួល​បាន​សញ្ជាតិ។ លោក​មាន​ផែនការ​ទិញ​ផ្ទះ​ និង​រស់​នៅ​ក្នុង​ប្រទេស​ថៃ​ ក្នុង​មួយ​ជីវិត​ចុងក្រោយ​របស់​លោក​ផង​ដែរ។

លោក Choi Young Seok ធ្លាប់​ជា​គ្រូ​បង្វឹក​តេក្វាន់ដូ​ជម្រើស​ជាតិ​បារ៉ែន ចន្លោះ​ឆ្នាំ​២០០០ ដល់​២០០២ មុន​ធ្វើ​ដំណើរ​ទៅ​ដល់​ប្រទេស​ថៃ នៅ​ឆ្នាំ​២០០២។ សិស្ស​របស់​លោក​១រូប ឈ្នះ​មេដាយ​មាស នៅ​អូឡាំពិក ២ រូប​ឈ្នះ​មេដាយ​សំរឹទ្ធ​និង​៣នាក់​ឈ្នះ​មេដាយ​សំរឹទ្ធ។ ជាមួយ​គ្នា​នេះ​ដែរ​សិស្ស​របស់​លោក​ឈ្នះ​មេដាយ​មាស​​៣ នៅ​កីឡា​ Asian Games និង ៤រូប​ផ្សេង​ទៀត​ឈ្នះ​មេដាយ​ពិភពលោក៕

Telegram-Troryorng
Share.