ជា​មធ្យម​កម្ពុជា​ត្រូវការ​ឈាម ១ ប្លោក ដើម្បី​សង្គ្រោះ​ជីវិត​មនុស្ស រៀងរាល់ ៦នាទី​ម្ដង ខណៈ​អ្នក​បរិច្ចាគ​ឈាម​ដោយ​ស្ម័គ្រចិត្ត​មាន​ចំនួន​តិច​តួច គឺ​ក្នុង​រង្វង់​ក្រោម ០,៧០ ភាគរយ​នៃ​ចំនួន​សរុប​នៃ​ប្រជាជន ១៧​លាន​នាក់​។ បើ​តាម​បទដ្ឋាន​អង្គការ​សុខភាព​ពិភព​លោក យ៉ាង​ហោច​ណាស់​ត្រូវ​មាន ១ភាគរយ នៃ​ប្រជាជន​សរុប ដែល​បរិច្ចាគ​ឈាម ទើប​ការ​ផ្គត់ផ្គង់​ឈាម​បាន​គ្រប់គ្រាន់​តាម​តម្រូវការ​។ ពោល​ប្រសិន​បើ​ប្រជាជន​កម្ពុជា​មាន​ចំនួន ១៧ លាន​នាក់ គឺ​ត្រូវ​មាន​អ្នក​បរិច្ចាគ​ឈាម ១សែន ៧ម៉ឺន​នាក់ ប៉ុន្តែ​បច្ចុប្បន្ន មាន​ប្រមាណ​ជា ០,៦២ ភាគរយ​ប៉ុណ្ណោះ ដែល​ស្មើ​នឹង ១សែន ៥ពាន់ ៤រយនាក់​។

ដើម្បី​ចូលរួម​ចំណែក​បំពេញ​តម្រូវការ​ឈាម ជួយ​សង្គ្រោះ​ជីវិត​អ្នក​ជំងឺ និង​ជន​រងគ្រោះ​ដែល​ត្រូវការ​ឈាម​ជា​ចាំបាច់ ក្រុមហ៊ុន Mejor Cineplex By Smart សហការ​ជា​មួយ​ក្រុមហ៊ុន Sabay និង មជ្ឈមណ្ឌល​ជាតិ​ផ្ដល់​ឈាម នៃ​ក្រសួង​សុខាភិបាល បាន​បង្កើត​ឲ្យ​មាន​កម្មវិធី​បរិច្ចាគ​ឈាម​ដោយ​ស្ម័គ្រចិត្ត ដោយ​ផ្ដល់​ឱកាស​ឲ្យ​បុគ្គលិក​របស់​ខ្លួន ក្រុមហ៊ុន​ជា​ដៃគូ និង​អតិជន ក៏​ដូច​សាធារណជន​ទូទៅ បាន​ចូលរួម​​បរិច្ចាគ​ឈាម​នៅ​ទីតាំង​ជិត​ខ្លួន និង​បង្ហាញ​នូវ​អំពើ​ល្អ​ទៅ​កាន់​អ្នក​ដទៃ​ដើម្បី​បំផុស​ចលនា​បរិច្ចាគ​ឈាម​ឲ្យ​បាន​កាន់​តែ​ទូលំទូលាយ​។

លោកស្រី ការ៉េន ខាស្តាណេដា (karen Castaneda) អ្នក​គ្រប់គ្រង​ទូទៅ​ក្រុមហ៊ុន Major Cineplex By smart បាន​លើក​ឡើង​ថា «កម្មវិធី​បរិច្ចាគ​ឈាម​នៅ​ថ្ងៃ​ទី ២៦​ខែ​មីនា ឆ្នាំ ២០២៤ នេះ គឺ​ជា​លើក​ទី​៣ ហើយ ហើយ​ក្រុមហ៊ុន​ទាំង​ពីរ នឹង​នៅ​តែ​បន្ត​កៀរគរ​ក្រុមហ៊ុន ស្ថាប័ន​ជា​ដៃគូ​សហការ​ធ្វើ​កម្មវិធី​បរិច្ចាគ​ឈាម​ដោយ​ស្ម័គ្រចិត្ត​ជា​រៀងរាល់​ឆ្នាំ​បន្ត​ទៀត​។ ព្រោះ​កម្មវិធី​នេះ​មាន​សារប្រយោជន៍​ធំធេង​ណាស់ ដោយ​វា​បាន​ផ្ដល់​ឱកាស​ឲ្យ​ក្រុមហ៊ុន និង​អតិថិជន ព្រម​ទាំង​មនុស្ស​ទូទៅ ដែល​ចង់​បរិច្ចាគ​ឈាម បាន​ធ្វើ​សេចក្ដី​ល្អ​ជា​មួយ​គ្នា​ដោយ​សប្បាយ​ចិត្ត ជាមួយគ្នា​នេះ ពួក​គាត់​បាន​បង្ហាញ​សេចក្ដី​ល្អ​ទៅ​កាន់​សាធារណជន ដើម្បី​ពង្រីក​ចលនា​បរិច្ចាគ​ឈាម​ឲ្យ​បាន​កាន់​តែ​ផុលផុស​ឡើង​» ។ លើស​ពី​នេះ លោកស្រី​បន្ថែម​ថា វា​ក៏​បាន​ផ្ដល់​នូវ​ផល​ចំណេញ​ផ្នែក​ទីផ្សារ តាម​រយៈ​កិច្ចការ​សង្គម​នេះ​ផង​ដែរ​។

ការ​បរិច្ចាគ​ឈាម គឺ​ជា​ការ​ជួយ​សង្គ្រោះ​ជីវិត​។ ឃ្លា​នេះ​ជា​ការ​លើក​ឡើង​ស្រដៀងៗ​គ្នា​របស់​អ្នក​ដែល​ធ្លាប់ និង​កំពុង​ធ្វើ​ការ​បរិច្ចាគ​ឈាម​ដោយ​ស្ម័គ្រ​ចិត្ត​។

លោក សៅរ៍ សុជាតា អ្នក​ឯកទេស​ខាង​ម៉ាស៊ីន​ត្រជាក់ បាន​សម្ដែង​ការ​សប្បាយ​ចិត្ត​បន្ទាប់​ពី​ផ្ដល់​ឈាម​រួច​។ លោក​មក​ចូលរួម​ផ្ដល់​ឈាម​នៅ​ក្នុង​កម្មវិធី​បរិច្ចាគ​ឈាម​ដែល​រៀបចំ​ដោយ​ក្រុមហ៊ុន​ខាង​លើ ដោយ​ពុំ​មាន​ការ​អញ្ជើញ​នោះ​ទេ​។ លោក​ដឹង​ដំណឹង​ពី​កម្មវិធី​នេះ​ដោយសារ​ការ​បង្ហោះ​ផ្សាយ​លើ​បណ្ដាញ​សង្គម ហើយ​ចាប់​អារម្មណ៍ ក៏​មក​ចូលរួម​ដោយ​ស្ម័គ្រចិត្ត​តែ​ម្ដង​។

នៅ​ពេល​ដែល​សួរ​ថា ធ្លាប់​ឮ​ពាក្យ​ចចាមអារ៉ាម​ពី​ការ​ផ្ដល់​ឈាម​ថា នៅ​ពេល​ដែល​បាន​ផ្ដល់​ឈាម​ម្ដង​ហើយ គឺ​ត្រូវ​តែ​ផ្ដល់​ជា​បន្តបន្ទាប់​ទៀត បើ​មិន​ដូច្នេះ​គឺ​នៅ​មិន​សុខ​នោះ​ទេ តើ​វា​ពិត​ចំពោះ​រូប​លោក​ទេ​?

លោក សុជាតា មិន​ប្រកែក​ទេ តែ​ពាក្យ​ថា នៅ​មិន​សុខ ហើយ​ត្រូវ​តែ​ទៅ​ផ្ដល់​ឈាម​ជា​ប្រចាំ​នោះ ក៏​មិន​ត្រឹមត្រូវ​ដែរ​។ «ផ្ទុយ​មក​វិញ បន្ទាប់​ពី​បាន​ផ្ដល់​ឈាម ខ្ញុំ​មាន​អារម្មណ៍​សប្បាយ​ចិត្ត​នឹង​អំពើ​ល្អ​របស់​ខ្លួន ដែល​បាន​ជួយ​សង្គ្រោះ​ជីវិត​អ្នក​ដទៃ គឺ​ជា​អំពើ​ល្អ​ដែល​កាត់​ថ្លៃ​មិន​បាន​។ ដូច្នេះ​បទពិសោធន៍​នៃ​ការ​ផ្ដល់​ឈាម ជំរុញ​ឲ្យ​ខ្ញុំ​ចង់​បន្ត​ធ្វើ​វា​ទៀត​នៅ​ពេល​ដែល​លោក​មាន​ឱកាស​»

ចំពោះ​មុខ សារព័ត៌មាន​ត្រយង​នៅ​មិន​ទាន់​អាច​ទាក់ទង​សុំ​ព័ត៌មាន​ពី​ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ផ្ដល់​ឈាម​បាន​នៅ​ឡើយ​។

បើ​តាម​ការ​លើក​ឡើង​នៅ​ក្នុង​ព្រឹត្តិការណ៍​ទិវា​ពិភពលោក ​នៃ​អ្នក​បរិច្ចាគ​ឈាម​ កាល​ពី​ថ្ងៃ​ទី​ ១៤ មិថុនា ឆ្នាំ​ ២០២៣ ​លោក សុខ ប៉ូ ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ផ្ដល់​ឈាម​បាន​ថ្លែង​ទៅ​កាន់​អ្នកសារព័ត៌មាន​ថា តម្រូវការ​ឈាម​ជាប្រចាំ​ថ្ងៃ​សរុប​ប្រមាណ ៣០០​ទៅ ៣៥០​ប្លោក​នៅ​រាជធានី​ភ្នំពេញ ហើយ​តម្រូវការ​ទូទាំង​ប្រទេស​ប្រមាណ​ជិត ១១​ម៉ឺន​ប្លោក។ ក្នុង​នោះ​មជ្ឈមណ្ឌល​ជាតិ​ផ្ដល់​ឈាម​បាន​គ្រប​ដណ្ដប់​ជិត ៧៥​ភាគរយ​នៅ​ទូទាំង​ប្រទេស ចំណែក​ការ​ទទួល​ឈាម​បាន​តាមរយៈ​សប្បុរសជន​ដោយ​ស្ម័គ្រចិត្ត និង​មិន​គិត​កម្រៃ​ឆ្លើយ​តប​បាន​ត្រឹម ១៥​ភាគរយ ដូច្នេះ​ការ​ផ្ដល់​ឈាម​ជំនួស​ដោយ​ក្រុមគ្រួសារ​អ្នកជំងឺ​មាន​រហូតដល់ ៨៥ភាគរយ ដើម្បី​ឆ្លើយតប​ទៅតាម​តម្រូវការ​។

អត្ថបទ៖ ឈិន ធារ៉ាត់

Share.