ត្បូងឃ្មុំ៖ នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤នេះ ក្រសួងមហាផ្ទៃ បានប្រកាសតែងតាំងលោកឧត្តមសេនីយ៍ត្រី ចិន នី ជាស្នងការនៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំថ្មី ដោយសារលោកឧត្តមសេនីយ៍ទោ ម៉ុន មាគ៌ា ត្រូវបានចូលនិវត្តន៍។

ក្នុងពិធីប្រកាសចូលកាន់មុខតំណែងនេះ ធ្វើឡើងនៅសាលប្រជុំ(គ) សាលាខេត្តត្បូងឃ្មុំ ក្រោមអធិបតី ឯកឧត្តម ឧត្តមសេនីយ៍ឯក តាន់ សំណាង អគ្គស្នងការរង តំណាងដ៏ខ្ពងខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនៃអគ្គស្នងការដ្ឋាននគរបាលជាតិ និង ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងមន្រ្ដីពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។ 

បន្ទាប់ពីប្រគល់ប្រកាស និងប្រគល់ត្រា តែងតាំងជូនលោក ឧត្តមសេនីយ៍ត្រី ចិន នី ជាស្នងការនៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំថ្មី លោកឧត្តមសេនីយ៍ត្រី ចិន នី ជាស្នងការនៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំថ្មី បានធ្វើការប្ដេជ្ញាថា ស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ គោរព និងអនុវត្តដោយស្មោះត្រង់ តាមកម្មវិធីនយោបាយរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំ គោរព និងប្រតិបត្តិយ៉ាងម៉ឺងម៉ាត់ និងដោយសច្ចៈយុត្តិធម៌ចំពោះច្បាប់ បទបញ្ញាតិ និងបទបញ្ជាផ្សេងៗរបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ទៅតាមបទវិន័យ របស់មន្ត្រីនគរជាតិ រក្សាសាមគ្គីភាពផ្ទៃក្នុង និងការិយាល័យពាក់ព័ន្ធផ្សេងៗទៀតអោយបានល្អប្រសើរ ។ 

ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានថ្លែងនូវការកោតសរសើរ ចំពោះបងប្អូនកងកម្លាំងនគរបាលទាំងអស់ដែលបានខិតខំបំពេញភារកិច្ចបានយ៉ាងល្អប្រសើរ ដោយបានផ្តល់សេវាឆាប់រហ័ស និងការពារសុខសុវត្ថិភាពជូនប្រជាពលរដ្ឋតាមបណ្តាមូលដ្ឋានបានយ៉ាងល្អប្រសើរនាពេលកន្លងមក ព្រមទាំងជំរុញឲ្យបន្តលើកិច្ចការងារនេះ ឲ្យកាន់តែល្អទ្វេរឡើងបន្ថែមទៀត។ ដោយឯកឧត្តមបណ្ឌិតបានដាក់ចេញនូវវិធានការសំខាន់ៗចំនួន៥រួមមាន៖១.ពាក់ព័ន្ធបញ្ហាគ្រឿងញៀន ត្រូវចិត្តទុកដាក់លុបបំបាត់អោយអស់ពីភូមិសាស្ត្រខេត្តត្បូងឃ្មុំ អោយក្លាយទៅជាភូមិ(ស) គ្មានគ្រឿងញៀន២.ពាក់ព័ន្ធល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទនៅក្នុងមូលដ្ឋាន ត្រូវលុបបាត់អោយអស់ទាំងស្រុង បើមានការបើកល្បែងនៅទីកន្លែងណាអាជ្ញាធរដែនដី ត្រូវទទួលខុសត្រូវ៣.បញ្ហាល្បែងជល់មាន់ បើមានភូមិ ឃុំ ស្រុក ក្រុង ណាមាន ការបើកល្បែងជល់មាន់ត្រូវទទួលខុសត្រូវដោយគ្មានការលើកលែង៤.រឹងបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកត្រូវតែយកចិត្តទុកដាក់ខ្ពស់ ក្នុងការអនុវត្តន៍នៅតាមគោលដៅរៀងៗខ្លួន ទៅលើរថយន្តបើកបរល្មើសច្បាប់ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍៥.ត្រូវមានវិធានការអោយបានម៉ឺងម៉ាត់ទៅលើក្មេងទំនើង ដែលបង្កភាពអសន្តិសុខក្នុងមូលដ្ឋាន។ 

មានប្រសាសន៍សំណេះសំណាល ក្នុងពិធីប្រកាសចូលកាន់តំណែងនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក តាន់ សំណាង អគ្គស្នងការរង  ក៏បានឯកភាពទៅលើរបាយការណ៍ របស់លោកស្នងការចាស់បានលើកឡើង អំពីលទ្ធផល និង សមទ្ធិផលដែលបានអនុវត្តកន្លងមក។ ក្នុងនោះដែរឯកឧត្តម ក៏បានផ្តល់នូវអនុសាសន៍សំខាន់មួយចំនួនៗ សម្រាប់លោកស្នងការនគរបាលថ្មី ធ្វើការដឹកនាំកងកម្លាំង ដោយបានលើក នូវគោលដៅសំខាន់ៗចំពោះមុខផងដែរ។ 

ម៉្យាងទៀត លោកស្នងការថ្មី ត្រូវអនុវត្តឱ្យបាន ពីតួនាទីភារកិច្ចរបស់ខ្លួន ដែលជាសេនាធិការឱ្យគណៈបញ្ជាការ ឯកភាពរដ្ឋបាលខេត្ត ក្នុងការកាត់បន្ថយនូវភាពឈឺចាប់របស់ប្រជាពលរដ្ឋ។ កត្តាសំខាន់ចំពោះមុខ លើការងារ អនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក និង ពង្រឹងវិន័យ និង លើកកម្ពស់សមត្ថភាពដល់កងកម្លាំងរបស់ខ្លួន ដើមី្បអនុវត្ត ការងារឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ៕

អត្ថបទ៖ សាន វីឡែម

Share.