លោក Nusret Gokce ដែលមានរហ័សនាមថា Salt Bae មានដើមកំណើតនៅប្រទេសតួកគី បានទទួលភាពជោគជ័យ នៅតាមបណ្ដាញសង្គម ហើយបច្ចុប្បន្នលោកក៏មានសាខាភោជនីយ៍ជាច្រើនកន្លែងក្នុងប្រទេសអ្នកមាននៅទូទាំងពិភពលោកផងដែរ។

លោក ជាបរុសដែលចូលចិត្តរោយអំបិលនៅលើសាច់គោ ដែលលោកអ្នកតែងតែបានឃើញពីស្ទាយរោយអំបិលរបស់គាត់នៅក្នុងវីដេអូដែលបង្ហោះក្នុងបណ្ដាញសង្គម។ Salt Bae មានអាយុ ៣៨ឆ្នាំ​ គឺជាជនជាតិតួកគី កើតក្នុងត្រកួលគ្រួសារក្រីក្រ​​ ដោយឪពុករបស់លោកគឺជាកម្មករអណ្ដូងរ៉ែ ដោយសារជីវភាពគ្រួសាររបស់លោកជួបការលំបាកពេក ឪពុករបស់លោកបានបង្ខំចិត្តឲ្យលោក Salt Bae ឈប់រៀនកាលពីថ្នាក់ទី ៦ ហើយបញ្ជូនធ្វើជាជំនួយការអ្នកកាប់សាច់ក្នុងភោជនីយ៍ដ្ឋានមួយក្នុងទីក្រុង អ៊ីស្តង់ប៊ូល (Istanbul) ប្រទេសតួកគី។

លុះក្រោយមកលោកក៏ត្រូវបានគេកោតសរសើរអំពីសមត្ថភាព អា សាច់របស់លោក ហើយបានបញ្ជូនលោកទៅប្រទេសធំៗដូចជា៖ អាហ្សង់ទីន ប្រេស៊ីល សហរដ្ឋអាមេរិក ដើម្បីធ្វើជាអ្នកកាប់សាច់ដោយមិនយកកម្រៃគ្រាន់តែសុំជាបទពិសោធន៍បន្ថែមក្នុងជំនាញអ្នកអាំងសាច់ និងលូចរៀនពីគន្លឹះសំខាន់ៗ របស់អ្នកគ្រប់គ្រងភោជនីយដ្ឋាននានា។

នៅឆ្នាំ២០១០ លោកបានត្រលប់មកប្រទេសដើមកំណើតវិញ ហើយបានបើកភោជនីយដ្ឋានផ្ទាល់ខ្លួនឯងនៅក្នុងទីក្រុងអ៊ីស្ដង់ប៊ូល ដោយភោជនីយ៍ដ្ឋានដំបូងរបស់លោក មានបុគ្គលិកបម្រើការត្រឹមតែ ១០នាក់តែប៉ុណ្ណោះ។ ប៉ុន្ដែ ៨ឆ្នាំក្រោយមក លោក Salt Bae មានសាខាភោជនីយ៍ដ្ឋានចំនួនរហូតទៅ ១៥កន្លែង និងមានបុគ្គលិកគ្រប់គ្រងចំនួន ១០០០នាក់។

លោក Nusret Gokce រឺ Salt Bae ចាប់ផ្ដើមល្បីខ្លាំងនៅឆ្នាំ២០១៧ ក្នុងទីក្រុងឌូបៃ ពេលដែលលោកចេះលេងស្ទាយអារ សាច់ និង រោយអំបិលពីលើសាច់ ដោយពាក់វែនតាខ្មៅ ជាមួយសម្លៀកបំពាក់ដ៏សង្ហា អមជាមួយទឹកមុខយ៉ាងម៉ត់ចត់ដ៏ទាក់ទាញ។​ សាច់អាំង រឺ Stack នៅក្នុងហាងរបស់លោក ត្រូវបានគេដឹងថា មានតម្លៃថ្លៃប៉ុន្ដែនៅតែមានមនុស្សចូលបរិភោគយ៉ាងច្រើន ដោយមានទាំងកីឡាករល្បីៗលំដាប់ពិភពលោក ព្រមទាំងប្រធានាធិបតីផងដែរ។

នៅឆ្នាំ ២០២១នេះ Salt Bae ត្រូវបានគេប៉ានប្រមាណថា​ មានទ្រព្យសម្បត្តិសរុបចំនួន ៦០លានដុល្លាអាមេរិក ប៉ុន្ដែថ្មីៗនេះភោជនីយដ្ឋានរបស់លោកនៅសហរដ្ឋអាមេរិកត្រូវបានគេដកអាជ្ញាប័ណ្ណដោយសារតែល្មើសគោលការណ៍ប្រយុទ្ធប្រឆាំងមេរោគកូវីដ១៩ របស់រដ្ឋាភិបាលសហរដ្ឋអាមេរិក។

ទោះជាយ៉ាងណា ការខំប្រឹងប្រែងរបស់លោក បានបង្ហាញឲ្យឃើញថា ទោះបីជាកើតនៅក្នុងត្រកួលគ្រួសារក្រីក្រ ប៉ុន្ដែឲ្យតែមានក្ដីស្រម៉ៃនោះភាពជោគជ័យនឹងនៅក្បែរអ្នកជានិច្ច៕

អត្ថបទ៖ ស្រាវជ្រាវ & The Focus
ដោយ៖ ជុំ ពេជ្រវណ្ណារ៉ា

Telegram-Troryorng
Share.