ភ្នំពេញ ៖ បុរសម្នាក់រងរបួសធ្ងន់ បែកក្បាលសន្លប់ស្តូក ចំណែកម្នាក់ទៀតរងរបួសចង្កេះ ស្រាល បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ ជិះម៉ូតូលឿន ហ្វ្រាំងមិនទាន់ជ្រុលបុកជាមួយរថយន្តស្តារិច កំពុងបត់ឆ្វេងឆ្លងផ្លូវ ។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៩និង១០នាទីព្រឹក ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤ នៅតាមផ្លូវឧកញ៉ា ម៉ុង រិទ្ធី ភូមិក្រុងថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ជនរងគ្រោះទាំង២នាក់ ទី១ ឈ្មោះ អ៊ូ ខា ភេទប្រុស អាយុ៣៩ឆ្នាំ របួសធ្ងន់ បែកក្បាលសន្លប់ស្តូក ជាអ្នកបើកម៉ូតូWINNER ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1KN-2597 រួមដំណើរជាមួយឈ្មោះ អ៊ូ វណ្ណា ភេទប្រុស អាយុ២៧ឆ្នាំ រងរបួសចង្កេះ ស្រាល ។

តាមប្រភពបានឱ្យដឹងថា មុនកើតហេតុ ជនរងគ្រោះទាំង២នាក់ជិះម៉ូតូឌុបគ្នា ល្បឿនលឿនពីលិចទៅកើត ដល់ចំណុចកើតហេតុ ហ្វ្រាំងមិនទាន់ជ្រុលបុកជាមួយរថយន្តស្តារិច ពាក់ស្លាកលេខ ព្រះសីហនុ 2A-6326 បើកពីកើតទៅលិច កំពុងបត់ឆ្វេងឆ្លងផ្លូវ បណ្តាលឱ្យរងរបួសធ្ងន់ម្នាក់ ស្រាលម្នាក់ ។

ក្រោយកើតហេតុជនរងគ្រោះទាំង២នាក់ត្រូវបានរថយន្តសង្គ្រោះ របស់មន្ទីរពេទ្យបង្អែកសែនសុខ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ។ ចំណែកមធ្យោបាយទាំង២គ្រឿង សមត្ថកិច្ចវាស់វែងរួចយកទៅរក្សាទុកនៅផ្នែកជំនាញ អធិការដ្ឋានខណ្ឌសែនសុខ រង់ចាំដោះស្រាយគ្នាជាក្រោយ ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.