ចូល​ឆ្នាំ​ត្រូវ​បាន​គេ​កំណត់​ដឹង​ជា​ទូទៅ​ថា គឺ​ជា​ដំណើរ​បញ្ចប់​ពេល​វេលា​១២​ខែ ដែល​មាន ៣៦៥ ឬ​៣៦៦ ថ្ងៃ និង​ចាប់​ផ្ដើម​រាប់​បន្ត​១២​ខែ​ទៀត​។ ក្នុង​ន័យ​វិទ្យាសាស្ត្រ គឺ​ផែនដី​វិល​បាន​មួយ​ជុំ​ព្រះអាទិត្យ​។ ដំណើរការ​នេះ​ត្រូវ​បាន​សង្គម​មនុស្ស ដែល​មាន​អារ្យធម៌​បង្កើត​ឲ្យ​មាន​ជា​ពិធី​អបអរសាទរ សុំ​សេចក្ដី​សុខ​ចម្រើន​ពី​អាទិទេព ធ្វើ​ទាន​បំពេញ​បុណ្យ ទៅ​តាម​របៀបរបប និង​លទ្ធិ​ជំនឿ​របស់​ពេក​គេ​នីមួយៗ​។

នគរ​ខ្មែរ​ធ្លាប់​មាន​ប្រវត្តិ​ចាក់​គ្រឹះ និង​មាន​អារ្យធម៌​នៅ​លើ​ដែន​ដី​សុវណ្ណភូមិ​តាំង​ពី​មុន​សម័យ​នគរភ្នំ​មក​ម្លេះ​។ ខ្មែរ​យើង​មាន​វប្បធម៌ សង្គម​ធម៌ ដែល​ជា​របៀប​រស់​នៅ​របស់​យើង ហើយ​ខ្មែរ​យើង​ក៏​បាន​ទទួល​ឥទ្ធិពល​ពី​អារ្យធម៌​ខាង​ក្រៅ​ផង​ដែរ គឺ​ឥណ្ឌា​នេះ​ឯង​។ ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ ខ្មែរ​យើង​បាន​តែ​កែ​ច្នៃ វប្បធម៌ សង្គម​ធម៌ ទាំង​នោះ​ឲ្យ​ក្លាយ​ជា​រូបរាង​របស់​ខ្មែរ និង​មាន​លក្ខណៈ​ខេមរនិយម​។

ការណ៍​នេះ​ហើយ ទើប​យើង​អាច​សន្និដ្ឋាន​ថា ខ្មែរ​យើង​មាន​ពិធី​បុណ្យ​ចូល​ឆ្នាំ​តាំង​ពី​យូរយារ​ណាស់​មក​ហើយ ប៉ុន្តែ​ពុំ​មាន​ឯកសារ​ដែល​និយាយ ឬ​មាន​ដែរ តែ​បាត់​បង់ ឬ​រក​មិន​ទាន់​ឃើញ​។ ដូច្នេះ​អ្វី​ដែល​គ្មាន​ដាន​តម្រុយ គឺ​យើង​បាន​ត្រឹម​តែ​ស្មានៗ ពុំ​មាន​អ្វី​ជាក់​ច្បាស់​នោះ​ទេ​។

ខ្មែរ​យើង​ចាប់​ផ្ដើម​សម្បូរ​ឯកសារ​កត់ត្រា​នៅ​សម័យ​អង្គរ​។ តាម​រយៈ​សិលាចារឹក និង​កំណត់ត្រា​ទូត​ប្រទេស អ្នក​ស្រាវជ្រាវ​ប្រវត្តិសាស្ត្រ​ខ្មែរ​ទទួល​បាន​អំណះអំណាង​កាន់​តែ​ជាក់លាក់​ដើម្បី​ធ្វើ​ការ​វិភាគ​លើ​ប្រវត្តិ​សាស្ត្រ​។ ក្នុង​នោះ​ក៏​មាន​ប្រវត្តិ​នៃ​ពិធីបុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ផង​ដែរ​។

ពិធីបុណ្យ​ចូល​ឆ្នាំ​ខ្មែរ គេ​ដឹង​ត្រឹម​សម័យ​អង្គរ តាម​រយៈ​សិលាចារឹក​នៅ​ប្រាសាទ​បាយ័ន និង​កំណត់ត្រា​លោក​ជីវ តាក្វាន់ (រាជ​ទូត​នគរ​យាន​ប្រចាំ​អង្គរ​)។ ដោយ​ការ​កំណត់​យក​ថ្ងៃ​ចូល​ឆ្នាំ គឺ​មាន​សេចក្ដី​លើក​ឡើង​ខុសៗ​គ្នា​។

ខ្ញុំ​សូម​លើកយកការលើកឡើងរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈមកបង្ហាញជូន សេចក្ដីដូចមានតទៅ៖

តើ​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី​របស់​ខ្មែរ​យើង​ត្រូវ​លើ​ខែ​ណា ? ថ្ងៃ​ណា ? ចាប់​ពី​សម័យ​​ក្រុង​នគរធំ​​មក​ ​ប្រទេស​ខ្មែរ​​​ប្រើ​វិធី​គិត​​រាប់​ថ្ងៃ​ខែ​ឆ្នាំ​តាម​ក្បួន ​​ចន្ទគតិ (lunar calendar) (វិធី​ដើរ​នៃ​ព្រះចន្ទ) ទើប​​ខ្មែរ​កំណត់​យក​ខែ​ មិគ​សិរ ​ជា​ខែ​ចូល​ឆ្នាំ ហើយ​ជា​ខែទី​ ១ ខែកក្តិក ជា​ខែ​ទី ១២ ។ សម័យ​ក្រោយ​​មក ​​ប្រទេស​ខ្មែរ​ប្តូរ​ទៅ​​​ប្រើ​​វិធី​គិត​រាប់​ថ្ងៃ​ខែ​ឆ្នាំ​តាម​ក្បួន​ សុរិយគតិ (solar calendar) (វិធី​ដើរ​នៃ​ព្រះអាទិត្យ) ។ ពេល​នោះ​ហើយ​ដែល​ខ្មែរ​​កំណត់​​ចូល​ឆ្នាំ​​ក្នុង​​ខែ ចេត្រ (ខែទី ៥) ព្រោះ​ក្នុង​ខែ​នេះ​ ​ព្រះអាទិត្យ​ធ្វើ​ដំណើរ​ចេញ​ពី​ មីនរាសី ​​ចូល​កាន់ ​មេ​សរាសី ។ ​ថ្ងៃ​ចូល​ឆ្នាំរ​មែង​ត្រូវ​លើថ្ងៃ​ទី ១៣ នៃខែ​ មេសា (ចេត្រ) រៀង​រាល់​ឆ្នាំ ប៉ុន្តែ​យូរៗ​ទៅ​មាន​ភ្លាត់​ម្ដង​ៗ ចូល​ឆ្នាំ​ក្នុង​ថ្ងៃ​ទី ១៤ ក៏​មាន​ខ្លះ​ដែរ​។ មហាសង្ក្រាន្ត ដែល​ប្រើ​របៀប​គន់គូរ​តាម ​សុរិយគតិ​ មាន​ឈ្មោះ​ថា «​សាមញ្ញ​សង្ក្រាន្ត​» (​ព្រះអាទិត្យ​ដើរ​ត្រង់​ពី​លើ​ក្បាល​ជា​ សង្ក្រាន្ត​) ។

ចំណែក​ឯ​កំណត់​ត្រា​លោក​ជីវ តាក្វាន់​មាន​សេចក្ដី​ថា​៖

គេ​យក​ខែ​ទី​១០​របស់​ចិន ជា​ខែ​ទី​១ ខែ​នោះ​មាន​ឈ្មោះ​ថា​កាតិក (កត្តិក) ។ នៅ​ពី​មុខ​វាំង​គេ​មាន​សង់​វេទិកា​មួយ​យ៉ាង​ធំ​ដែល​អាច​ដាក់​មនុស្ស​ជាង​មួយ​ពាន់​នាក់ ហើយ​គេ​ចង​ប្រទីប​ជ្វាលា និង​ផ្កា លម្អ​នៅ​លើ​ថ្នាក់​នោះ​។ នៅ​ពី​មុខ​ដែល​ឃ្លាត​ពី​នោះ​ប្រមាណ ២០០ហត្ថ មាន​ទី​លាន​មួយ​ទៀត គេ​បន្ត​ធ្វើ​ជា​រោង​រន្ទា ដែល​មាន​កម្ពស់​ដល់​ទៅ​ជាង​២០០​ហត្ថ​។ ក្នុង​យប់​នោះ​គេ​មាន​អុជ​កាំជ្រួច ផាវ បី បួន​ឬ ប្រាំ​កន្លែង​។ ក្នុង​រោង​នោះ​មាន​សុទ្ធ​តែ​មន្ត្រី​ធំ​តូច​គ្រប់​ជាន់​ថ្នាក់​។ វេលា​នោះ​ស្ដេច​ក៏​យាង​ចេញ​មក​ទត​កាំជ្រួច ផាវ ដែល​គេ​អុជ​នៅ​ខាង​ក្រៅ​ចម្ងាយ​១០០​លី តែ​គេ​អាច​មើល​ឃើញ និង​ស្ដាប់​ឮ​យ៉ាង​ច្បាស់ ឮ​ខ្លាំង​មើល​តែ​កាំភ្លើង​ធំ​ទ្រហឹង​ខ្ទរខ្ទារ​ពេញ​តែ​ទី​ក្រុង​។

មន្រ្តី និង​ញាតិវង្ស​ទាំង​ឡាយ​ចែក​គ្នា​កាន់​ទៀន និង​ម្លូស្លា ដែល​ជា​ហេតុ​នាំ​ឲ្យ​ចំណាយ​អស់​ប្រាក់​យ៉ាង​ច្រើន​។ ក្នុង​ពិធី​នោះ​ស្តេច​បាន​អញ្ជើញ​ពួក​ទូត​បរទេស​ទៅ​ចូល​រួម​ផង​ដែរ គេ​ធ្វើ​ដូច​នេះ​អស់​រយៈ​ពេល​កន្លះ​ខែ​បាន​ចប់​។

លោក​សាស្ត្រាចារ្យ សំបូរ ម៉ាណារ៉ា លើក​ឡើង​ស្រដៀង​ឯកសារ​ខាង​លើ​ដែរ ឬ​ដោយ​យោង​ទៅ​លើ​ចម្លាក់ និង​សិលាចារឹក​នៅ​ប្រាសាទ​បាយ័ន​ថា ពិធីបុណ្យ​ចូល​ឆ្នាំ​ខ្មែរ​សម័យ​អង្គរ​គេ​ធ្វើ​នៅ​ខែ​កត្តិក ព្រោះ​ក្នុង​ពិធីបុណ្យ​ចូល​ឆ្នាំ មាន​តាំង​ពី​ការ​ដាក់​តាំង​បង្ហាញ​ផលិតផល ល្បែង របាំ បង្ហោះ​ខ្លែង និង​កីឡា​អុំទូក​ផង​។ ក្រោយ​មក​មាន​ការ​ផ្លាស់​ប្ដូរ​ទៅ​ប្រារព្ធ​នៅ​ខែ​ចេត្រ​វិញ​នៅ​សម័យ​ព្រះបាទ​ពញាយ៉ាត នៅ​ពេល​ព្រះ​អង្គ​លើក​រាជធានី​ទៅ​តាំង​នៅ​ទួលបាសាន​។ មូល​ហេតុ​នៃ​ការ​ផ្លាស់​ប្ដូរ​គឺ​ដោយសារ​កត្តា​កសិកម្ម ដែល​ជះ​ឥទ្ធិពល​យ៉ាង​ខ្លាំង​ដល់​ការអភិវឌ្ឍន៍​នគរ​។ ត្រង់​ចំណុច​ទំនង​លោក​យល់​ថា ដោយសារ​ការ​ឈ្លាន​ពាន​របស់​សៀម និង​ការ​ផ្លាស់​ប្ដូរ​រាជធនី ដែល​ចំណាយ​ធនធាន​នគរ​ច្រើន​សន្ធឹក​ផង ខណៈ​ខែ​កត្តិក​គឺ​នៅ​មិន​ទាន់​ប្រមូលផល ឬ​កំពុង​ប្រមូល​ផល​កសិកម្ម​នៅ​ឡើយ ខណៈ​រដូវ​នេសាទ​ចូល​មក​ដល់​ផង ប្រជារាស្ត្រ​ជាប់​រវល់​ច្រើន​នឹង​កិច្ចការ​ស្រែ​ចម្ការ​ផង ការ​នេសាទ​ផង ទើប​ព្រះរាជា​ខ្មែរ​ផ្លាស់ប្ដូរ​ថ្ងៃ​ចូល​ឆ្នាំ​មក​ប្រារព្ធ​នៅ​ខែចេត្រ ត្រូវ​នឹង​ខែ​មេសា​។

ប្រសិន​បើ​ក្រឡេក​ទៅ​មើល​ការ​លើក​ឡើង​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ដែល​ថា​ពិធីបុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ពី​បុរាណ​ធ្វើ​ឡើង​នៅ​ខែ​មាគសិរ ព្រោះ​ជា​ខែ​ទី​មួយ​នៃ​ប្រក្រតីទិន​ចន្ទគតិ យើង​តោង​រក​ប្រភព​ប្រក្រតីទិន​ចន្ទគតិ​មាន​ប្រវត្តិ​យ៉ាង​ដូច​ម្ដេច​បន្ត​ទៀត​។ ប៉ុន្តែ​គេ​ពុំ​ទាន់​មាន​ឯកសារ​ដែល​និយាយ​ពី​សាវតារ​នៃ​ប្រក្រតីទិន​ចន្ទគតិ​ខ្មែរ​នៅ​ឡើយ​។ ប្រភព​ផ្សេងៗ ដែល​បរិយាយ​អំពី​ប្រក្រតីទិន​ដែល​មាន​រាប់​សិប​ប្រព័ន្ធ​តាំង​ពី​មុន​ពុទ្ធសករាជ​មក​នោះ ពុំ​ឃើញ​មាន​ប្រក្រតីទិន​មួយ​ណា​ដែល​ថា ខែ​មាគសិរ​ជា​ខែ​ទី​១ នៃ​ឆ្នាំ​នោះ​ទេ​។ ជា​ពិសេស​ពួក​អារ្យ័ន (Aryan) ដែល​មាន​អារ្យធម៌​ចំណាស់​ជាង​គេ​នៅ​អាស៊ី​កណ្ដាល និង​ឧបទ្វីប​ឥណ្ឌា ដែល​បាន​រៀបចំ​ការ​ធ្វើ​ប្រមាណ​ពេល​វេលា​ថ្ងៃ និង​យប់ ខែ និង​ឆ្នាំ និង​ចងក្រង​ជា​ក្បួន​ខ្នាត​ចក្ករាសី (​រង្វាស់​ចម្ងាយ​ផ្ទៃ​មេឃ ដែល​ជា​ផ្លូវ​នៃ​ព្រះអាទិត្យ និង​ព្រះចន្ទ​) ហើយ​អារ្យធម៌​ពួក​នេះ​ក៏​បាន​ជះ​ឥទ្ធិពល​មក​លើ​ខ្មែរ​យើង​ផង​ដែរ ក៏​ប្រក្រតីទិន​របស់​ពួក​អារ្យ័ន​ពុំ​ធ្លាប់​យក មិគសិរ (Margasirsa ឬ មាគ​សីស) ជា​ខែ​ទី​មួយ​នៃ​ឆ្នាំ​ដែរ​។ គេ​សង្កេត​ឃើញ​មាគសិរ​ច្រើន​ជា ខែ​ទី​២ ឬ​ខែ​ទី​៩​។ ប៉ុន្តែ​ខែ​មាគសិរ (​មិគសិរ ហៅ​ផ្កាយ​មាន​រាង​ដូច​ក្បាល​ម្រឹគ​) ជា​ខែ​ពិសិដ្ឋ​របស់​ព្រហ្មញ្ញសាសនា គឺ​ជា​សាសនា​នៃ​ពួក​អារ្យ័ន​នេះ​ឯង​។ នៅ​ក្នុង​ខែ​នេះ គេ​ធ្វើ​ពិធី​បូជា​ដល់​អាទិទេព​ធំៗ បី គឺ​ព្រះវិស្ណុ ព្រះសិវៈ និង​ព្រះទត្តត្រៃ ឬ​ត្រៃទត្ត (​អាទិទេព​មួយ​អង្គ​មាន​សីសៈ​បី ជា​ការ​ផ្គុំ​ឡើង​ដោយ​ព្រះព្រហ្ម ព្រះវិស្ណុ និង​ព្រះសិវៈ​) ហើយ​គេ​ជឿ​ថា ជា​ខែ​ដែល​នាំ​មក​នូវ​សេចក្ដី​សុខ​ចម្រើន​។

ដោយសារ​ប្រព័ន្ធ​រដ្ឋបាល​ខ្មែរ​សម័យ​អង្គរ និង​មុន​អង្គរ​ទទួល​ឥទ្ធិពល​ព្រហ្មញ្ញសាសនា ដែល​ពេល​ខ្លះ​គោរព​លទ្ធិ​សិវៈ ពេល​ខ្លះ​គោរព​លទ្ធិ​វិស្ណុ ប៉ុន្តែ​លទ្ធិ​ពីរ​មិន​សូវ​ជា​ឃ្លៀងឃ្លាត​ពី​គ្នា​ប៉ុន្មាន​ទេ​។ ហើយ​ទំនង​ជា​ខ្មែរ​បាន​ប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ស្រប​ទៅ​តាម​សាសនាព្រាហ្មណ៍​ដែល​ជឿ​ថា ខែ​មាគសិរ​ជា​ខែ​ពិសិដ្ឋ និង​ប្រារព្ធ​ពិធីបុណ្យ​ចូល​ឆ្នាំ​នៅ​ខែ​នេះ​ត​រៀង​មក​រហូត​ដល់​សម័យ​អង្គរធំ ដែល​ជា​សម័យ​រុងរឿង​បំផុត​នៃ​អង្គរ ហើយ​ក៏​បង្កើត​ប្រព័ន្ធ​ប្រក្រតីទិន​ចន្ទគតិ​ដោយ​ចាត់​ទុក​ខែ​មាគសិរ​ជា​ខែ​ទី​១​រហូត​មក​។

បើ​តាម​កំណត់ត្រា​របស់​លោក​ជីវ តាក្វាន់​ថា នគរ​ខ្មែរ​សម័យ​មហានគរ​ចូល​ឆ្នាំ​នៅ​ខែ​កត្តិក ក៏​នៅ​ពុំ​ទាន់​ដឹង​ពី​ហេតុផល​ជាក់​លាក់​ដែរ ព្រោះ​ថា ខ្មែរ​យើង​ប្រើ​ប្រក្រតីទិន​ចន្ទគតិ ដែល​យក​ខែ​មាគសិរ​ជា​ខែ​ទី​មួយ​នៃ​ឆ្នាំ ហេត​ម្ដេច​បាន​ជា​ថយ​ពេល​ទៅ​ចូល​ឆ្នាំ​នៅ​ខែ​កត្តិក​ទៅ​វិញ​។ ប៉ុន្តែ​បើ​យោង​តាម​ការ​បញ្ជាក់​នៅ​ឃ្លា​ខាង​ក្រោយ ដែល​ថា គេ​ធ្វើ​ដូច​នេះ​អស់​រយៈ​ពេល​កន្លះ​ខែ​បាន​ចប់ នោះ​យើង​អាច​សន្និដ្ឋាន​បាន​ថា ប្រាដក​ណាស់​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ ធ្វើ​ឡើង​នៅ​ចុង​ខែ​កត្តិក​ឆ្នាំ​ចាស់ និង​ដើម​ខែ​មាគសិរ​ឆ្នាំ​ថ្មី​។

បើ​តាម​ការ​លើក​ឡើង​របស់​សាស្ត្រាចារ្យ​ប្រវត្តិ​សាស្ត្រ លោក សំបូ ម៉ាណារ៉ា ស្ដីពី​ការ​ផ្លាស់ប្ដូរ​ពេល​វេលា​ចូល​ឆ្នាំ ពី​ខែ​កត្តិក ទៅ​ខែចេត្រ ដោយសារ​កត្តា​ប្រជារាស្ត្រ​ជាប់​រវល់​នឹង​កិច្ចការ​កសិកម្ម និង​នេសាទ ដែល​ជា​ដង្ហើម​សេដ្ឋកិច្ច​របស់​នគរ ហើយ​កាល​គ្រា​នោះ​លទ្ធិ​ទេវរាជ​ដែល​ស្ដារ​ឡើង​វិញ​ក្រោយ​មហានគរ​ក៏​ធ្លាក់​ចុះ ខណៈ​សៀម​ចេះ​តែ​លុក​លុយ​ផង គឺ​ជា​រឿង​សម​ហេតុផល ដោយសារ​ខែ​ចេត្រ ជា​ខែ​ដែល​ប្រជារាស្ត្រ​ក្នុង​នគរ​ទំនេរ​ទាំង​ប្រជា​កសិករ និង​ប្រជា​នេសាទ (​សូម​ឈ្វេង​យល់​ពីរ​ដូវ​កសិកម្ម និង​រដូវ​នេសាទ​បន្ថែម​) ​។

នៅ​ពេល​និយាយ​ដល់​រឿង​ចូល​ឆ្នាំ​នៅ​ខែ​ចេត្រ ខ្ញុំ​ក៏​ចង់​រំលេច​ពី​រឿង​ខ្លះ​នៅ​ស្រុក​ឥណ្ឌា​ដែរ​។ រដ្ឋបុរី​ភាគ​ច្រើន​នៅ​ដែន​ដី​ឥណ្ឌា​សន្មត​យក​ប្រក្រតីទិន​ចន្ទគតិ​សកៈ (​សកសំវត្សរ៍ Saka Samvat) ជា​ផ្លូវ​ការ ដោយ​ប្រក្រតីទិន​នេះ យក​ខែ​ចេត្រ​ជា​ខែ​ទី​មួយ​នៃ​ឆ្នាំ​។ មូល​ហេតុ ដោយសារ ចេត្រមាស ត្រូវ​គ្នា​នឹង​មេសរាសី នៃ​ប្រក្រតីទិន​សុរិយគតិ​សកៈ ជា​ខែ​ដែល​ថ្ងៃ និង​យប់​មាន​វេលា​ស្មើ​គ្នា ហៅ​ថា វសុវ ឬ​វសុព ឬ​សម​ទិវារាត្រី ឬ​ហៅ​ដោយ​ខ្លី​ថា សមរាត្រី។ ​ដូច្នេះ​ការ​បែង​ចែក​ឆ្នាំ​ចាស់ និង​ឆ្នាំ​ថ្មី​គឺ​សម​គួរ​នៅ​ក្នុង​ខែ​ចេត្រ​នេះ​ឯង ព្រោះ​វា​មិន​លម្អៀង​ច្រើន​។ ការណ៍​នេះ​ទំនង​ជះ​ឥទ្ធិពល​មក​លើ​នគរ​ខ្មែរ​ដែរ តាម​រយៈ​បញ្ញវន្ត អ្នក​ប្រាជ្ញ​បណ្ឌិត​ខ្មែរ​ដែល​បាន​ទៅ​សិក្សា​នៅ​ប្រទេស​ឥណ្ឌា និង​ពួក​ពាណិជ្ជករ​ឥណ្ឌា​។

ក្រោយមក មិន​ដឹង​មាន​មូលហេតុ​អ្វី និង​ពេល​ណា​ឲ្យ​ជាក់លាក់​នោះ​ទេ ដែល​ខ្មែរ​យើង​បាន​ទទួល​ប្រើប្រាស់​ប្រក្រតីទិន​សុរិយគតិ​វិញ សម្រាប់​រាប់​ថ្ងៃ​ខែ​។ ដូច្នេះ​ខែ​មេសរាសី រាប់​ជា​រាសី​ទី​មួយ​នៃ​ឆ្នាំ​។

នៅ​ក្នុង​ប្រព័ន្ធ​សុរិយគតិ​ឥណ្ឌា​គេ​មិន​ហៅ​ថា​ខែ​ដូច​ចន្ទគតិ​ទេ គេ​ហៅ​ថា​រាសី ហើយ​វេលា​ឆ្លង​ពី​រាសី​មួយ​ទៅ​មួយ​គេ​ហៅ​ថា​សង្ក្រាន្ត​។ ប្រសិនបើ​យើង​ប្រៀបធៀប​រវាង​ចន្ទគតិ និង​សុរិយគតិ គឺ​ថ្ងៃ​ចូល​ឆ្នាំ​នៅ​ថ្ងៃ​១កើត​ខែ​មិគសិរ ចំណែក​ចូល​ឆ្នាំ​តាម​សុរិយគតិ​យឺត​ជាង​ប្រហែល​កន្លះ​ខែ ទៅ​១​ខែ​។

សព្វថ្ងៃ​នេះ​ប្រជាជន​ខ្មែ​យើង​ប្រើ​ប្រក្រតីទិន​៣​ប្រព័ន្ធ​៖

ទី១ ប្រក្រតីទិន​ចន្ទគតិ (ដំណើរ​ព្រះចន្ទ​) ដោយ​ហេតុ​ថា ចន្ទគតិ​មាន​ទំនាក់ទំនង​ជ្រាលជ្រៅ​ទៅ​នឹង​ព្រះពុទ្ធសាសនា ជា​ពិសេស​កាលបរិច្ឆេទ​ក្នុង​គម្ពីរ​ព្រះ​ត្រៃបិតក

ទី២ ប្រក្រតីទិន​សុរិយគតិ (​ដំណើរ​ព្រះអាទិត្យ​) ដើម្បី​កំណត់​វដ្ដ​ពេល​វេលា ដូច​ជា​ពេលវេលា​ដាច់​ឆ្នាំ​ចាស់​ផ្លាស់​ចូល​ឆ្នាំ​ថ្មី ក្បួន​ហោរា តារាសាស្ត្រ ផ្សេងៗ ព្រោះថា ដំណើរ​ព្រះអាទិត្យ​វា​ទៀងទាត់​ជាង​ព្រះចន្ទ​។

ទី៣ ប្រក្រតីទិន​សកល (Gregorian Calendar) សម្រាប់​រាប់​ថ្ងៃ​ខែ​ឆ្នាំ​ឲ្យ​ត្រូវ​តាម​សកលលោក​។

ឈ្វេងយល់អំពីសករាជដែលខ្មែរកំពុងប្រើ៖ https://troryorng.com/205807

អត្ថបទ៖ ឈិន ធារ៉ាត់

Share.