លោកស្រី រស់ សេរីសុទ្ធា គឺជាតារាចម្រៀងល្បីល្បាញមួយរូបប្រចាំប្រទេសកម្ពុជា នៅមុនសម័យសង្គ្រាម ហើយលោកស្រី ត្រូវបានប្រសិទ្ធិនាមថា ជារាជនីសំនៀងមាស។ ក្រៅពីសំឡេងដ៏ពីរោះ លោកស្រី សុទ្ធា ធ្លាប់ជាសមាជិកកងទ័ពឆត្រយោង បម្រើរដ្ឋាភិបាលសាធារណរដ្ឋខ្មែរ ហើយក៏ជានារីខ្មែរតែម្នាក់គត់ ហ៊ានលោតឆត្រយោងពីលើអាកាស ក្នុងប្រវត្តិសាស្រ្តកម្ពុជា ក្នុងអំឡុងឆ្នាំ ១៩៧០។ 

ផ្អែកតាម វីគីផេឌា បានឲ្យដឹងថា លោកស្រី រស់ សេរីសុទ្ធា នៅអំឡុងឆ្នាំ១៩៧០ កាន់តែមានប្រជាប្រិយភាពរីកសុះសាយថែមទៀត តាមរយៈការចុះផ្សាយតាមកាសែត តាមវិទ្យុ និងតាមទូរទស្សន៍ អំពីសកម្មភាពលោតឆត្រយោងរបស់អ្នកស្រី។ ឯរូបសោភ័ណរបស់អ្នកស្រី និងសំនៀង របស់អ្នកស្រីក៏កាន់តែក្លាយជាទីចាប់អារម្មណ៍ នៃមនុស្សផងទាំងពួង រួមទាំងលោកឧត្តមសេនីយ ស្រី យ៉ា ដែលជាមេបញ្ជាការកងទ័ពឆត្រយោង មានទីតាំងនៅជិតបណ្ឌិតរាជសភា និងមហាវិទ្យាល័យមនុស្សសាស្រ្តនោះទៀតផង។

សូមទស្សនាវីដេអូ លោកស្រី រស់ សេរីសុទ្ធា លោតឆត្រយោង ក្នុងអំឡុងទសវត្ស៧០

លោកស្រី រស់ សេរីសុទ្ធា កើតនៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ១៩៤៦ មានស្រុកកំណើត ភូមិ ដំណាក់ ហ្លួង ឃុំវត្តគរ ស្រុកបាត់ដំបង ខេត្តបាត់ដំបង។ លោកស្រីមានឪពុកឈ្មោះ រស់ ប៊ុន ជា លោក គ្រូភ្លេងខ្មែរ និងជាគ្រូស្ដោះផ្លុំផង និងម្តាយឈ្មោះ ណាត់ សាមៀន។ លោកស្រី មាន បងប្អូនចំនួន ៥នាក់ (ស្រី ០៤ នាក់) ហើយលោកស្រីជាកូនទី៤។

លោកស្រី រស់ សេរីសុទ្ធា ចូលរៀននៅសាលាបឋមសិក្សា ទក្ខិណសាលា រួចបានប្រឡង ជាប់ចូលរៀននៅអនុវិទ្យាល័យ នារី នេត យ៉ង់ នៅ ឆ្នាំ១៩៦២ រួចឈប់រៀនដើម្បីចាប់អាជីព ជា អ្នកចម្រៀង។

នៅឆ្នាំ១៩៦៣ នៅក្នុងវ័យជំទង់ ១៦ឆ្នាំ យុវនារី សុទ្ធា ក៏បានទទួលរង្វាន់ពានមាសលេខមួយ ប្រចាំខេត្ត ក្នុងឱកាសពិធីប្រឡងចម្រៀង ពេលបុណ្យចូលឆ្នាំ។ 

នៅឆ្នាំ១៩៦៧  យុវតីរស់ សេរីសុទ្ធា បានចូលបម្រើជាអ្នកចម្រៀងជាមួយក្រុមតន្រ្តីយោធា ភិរម្យ ក្រសួងឃោសនាការ ហើយបានចេញសម្តែងជាសាធារណៈ ជាញឹកញាប់។ 

ដោយមានទឹកដមសំឡេងល្អ និងទេព្យកោសល្យសិល្បៈ នៅឆ្នាំ ១៩៦៩ អ្នកចម្រៀងវ័យក្មេង គឺ លោកស្រី រស់ សេរីសុទ្ធា បានទទួលគោរមងារ ពីព្រះប្រមុខរដ្ឋខ្មែរ សម្តេច ព្រះឧបយុវរាជនរោត្តម សីហនុ ថា ជារាជិនីសំនៀងមាស ប្រចាំកម្ពុជា។

នៅឆ្នាំ១៩៦៨ លោកស្រី រស់ សេរីសុទ្ធា បានសម្រេចចិត្តរៀបការជាមួយ លោក សុះ ម៉ាត់ ដែលជាអ្នកចម្រៀងបុរស ដែលមានរូបសង្ហា និងសម្បូរស្នេហ៍ ។ ក្រោយពីរៀបការហើយបាន៥ ឬ៦ខែ លោកសុះម៉ាត់ បានកើតភ្លើងប្រចណ្ឌ បានស្ទុះឡើងទៅទះតប់ធ្វើបាប លោកស្រី រស់ សេរីសុទ្ធា លើវេទិកា ក្នុងចំណោមភ្ញៀវកំពុងជប់លៀងអ៊ូរអរ។ ក្រោយជម្លោះនេះ អ្នកទាំងពីរបានចែកផ្លូវគ្នា ហើយបានត្រឡប់ទៅច្រៀងនៅភ្នំពេញ ដោយសារការធានាពី លោកតា ស៊ិន ស៊ីសាមុត។ 

នៅចុងឆ្នាំ ១៩៦៩ លោកស្រី សុទ្ធា បានជួបកម្លោះមួយរូបឈ្មោះ ហ៊ុយ ស៊ីផាន់ ជាកូនប្រុសរបស់ថៅកែវណ្ណ ច័ន្ទ ម្ចាស់ផលិតកម្មថាសចម្រៀងដ៏ល្បីល្បាញជំនាន់នោះ រួចហើយក៏ភ្ជាប់ទំនាក់ទំនងដ៏ល្អនោះ រហូតដល់បានកូនប្រុសមួយ។ 

នៅ១៩៧១ មានក្រុមទាហាន មួយហ្វូងបើកឡានហ្ស៊ីប ចូលមកអញ្ជើញអ្នកស្រី ចេញពីផ្ទះនាំ ខ្លួន អ្នកស្រីទាំងកណ្តាលយប់ទៅជួប លោកឧត្តមសេនីយស្រី យ៉ា ហើយត្រូវបានឃាត់ខ្លួន ទុក នៅទីនោះមិនឲ្យត្រឡប់មកផ្ទះវិញឡើយ។ អ្នកស្រី សុទ្ធា ក៏ក្លាយជាភរិយាចុង និង មានកូន៤នាក់ ជាមួយលោកឧត្តមសេនីយ បន្ទាប់ពីរស់នៅជាមួយគ្នា៤ឆ្នាំ។ 

នៅ១៩៧៧ វេលាចូលឆ្នាំខ្មែរ លោកស្រី រស់ សេរីសុទ្ធា បានត្រូវអង្គការបដិវត្តន៍ចាប់បង្ខំ ឲ្យ រៀបការជាមួយ យោធាមួយរូប ដែលពិការដៃម្ខាងមាន ឈ្មោះថាសមមិត្ត ត្រោក ជា កង កម្មាភិបាល ជាន់ខ្ពស់មួយរូបរបស់អង្គការ។

ការរស់នៅមិនចុះសម្រុងមានជម្លោះញឹកញាប់ព្រោះភ្លើងប្រចណ្ឌពីស្វាមី ជម្លោះខាងលើនេះបានធ្វើឲ្យអង្គការខាងលើបានហៅអ្នកស្រី សុទ្ធា ទៅកសាងអប់រំ ដោយរំលឹកឲ្យអ្នកស្រីគោរពស្វាមី។ ប៉ុន្ដែអ្នកស្រី តាំងចិត្តអត់ធ្មត់មិនបានត្បិតអីស្វាមីវាយដំជេរច្រើនហួសប្រមាណក៏តប ត ដោយសំដីខ្លះៗ ត្រឡប់ទៅវិញ ដែលជាហេតុនាំឲ្យអង្គការលើ ចាប់ដាក់ទោសបញ្ជូនខ្លួនឲ្យទៅធ្វើការនៅភូមិមួយផ្សេងទៀត នៅចន្លោះពាក់កណ្ដាលឆ្នាំ ១៩៧៧។ ចាប់តាំងពីថ្ងៃនោះមក គ្មាននរណាម្នាក់បានដឹងដំណឹងពីអ្នកស្រី ទៀតឡើយ ។

ផ្អែកការចុះផ្សាយពី វីគីផេឌា បានសរសេរថា កាលនៅសម័យនោះពេលមានអ្នកស្រុកណាម្នាក់ ត្រូវអង្គការចាត់តាំងឱ្យទៅកាប់ព្រៃ ឬទៅបម្រើ អង្គការនៅតំបន់ថ្មីនោះ មានន័យថា អ្នក ស្រុករូបនោះជាជន ដែលត្រូវអង្គការសំឡេះជីវិតចោលដោយគ្មានត្រាប្រណីឡើយ។ រី ឯ សាច់ញាតិវិញក៏មិនដែលបានដឹងថា អ្នកស្រុករូបនោះ ត្រូវអង្គការប្រហារជីវិតចោលនៅ ឯ ណាដែរ ។

សាច់ញាតិរបស់ អ្នកស្រី សុទ្ធា ដែលនៅសេសសល់មាន លោក យាយ រស់ សំបឿត, លោក យាយ រស់ សំបឿន និង កូនចៅនៅភូមិដំណាក់ហ្លួងឃុំទួលតាឯក ក្រុងបាត់ដំបង ហើយ និង អតីត ស្វាមីរបស់ អ្នកស្រី ឈ្មោះ លោក ហ៊ុយ ស៊ីផាន់ និង កូនប្រុស មួយរូប ដែលសព្វថ្ងៃ មាន វ័យប្រហែល ជិត៤០ឆ្នាំ ហើយ រស់នៅឯ ប្រទេសបារំាង៕ 

Share.