«ខ្ញុំ​រឹត​ស្រលាញ់​គេ​វិញ​រឹត​តែ​ស្អប់​ គេ​មិនចង់​ស្ដាប់​ឮ​ពាក្យ​ទាំង​នេះ​ឡើយ​ ឮ​ថា​ខ្ញុំ​នឹក​គេ​ខ្លាំង​គេ​ឆ្អើម​ខ្ញុំ​ទៅហើយ​ ឱ្យ​បេះដូង​អើយ​អ្នក​ស្ដាប់​ច្បាស់​ដែរ​ទេ​?» នេះ​គឺ​ជា​អត្ថន័យ​ខ្លះ​​ដក​ស្រង់​ចេញ​ពី​បទ​ចម្រៀង ​​ជា​ស្នាដៃ​និពន្ធដំបូង​របស់ ​លោក ​ខេមរៈ ​សិរីមន្ត​ ដែល​បទ​ចម្រៀង​នេះ​ធ្វើ​ឱ្យ​លោក​ស្រក់​ទឹក​ភ្នែក​ពេល​កំពុង​តែ​ថត​សំឡេង​ផង​ដែរ​។​​

​តារា​ចម្រៀង​រូបនេះ​ជា​ទូទៅ​ច្រើន​ច្រៀង​បទ​ចម្រៀង​ដែល​និពន្ធ​ឡើង​ដោយ​បង​ប្រុស​របស់​លោក​គឺ​លោក ​ខែម​ ភារុណ​ ប៉ុន្តែ​នៅ​ពេល​ប្ដូរ​ទ្រនំ​ចូល​មក​ជ្រក​ក្រោម​ដំបូល​ផលិតកម្ម​ហង្សមាស​លោក​ខេមរៈសិរីមន្ត​ក៏​មាន​ច្រៀង​បទ​ចម្រៀង​របស់​អ្នក​និពន្ធ​វ័យ​ក្មេង​ជា​ច្រើន​រូប​ក្នុង​ផលិតកម្ម​នេះ​ផង​ដែរ​។

​យ៉ាង​ណា​មិញ​ស្នាដៃ​បទ​ដំបូង​ដែល​លោក​បាន​និពន្ធ​ទាំង​ទំនុក​ច្រៀង​និង​Melody ​ឡើង​មក​នោះ​នៅ​ពេល​ចូល​ថត​សំឡេង​លោក​ច្រៀង​បណ្ដើរ​ស្រក់​ទឹក​ភ្នែក​បណ្ដើរ​។ នេះ​បើ​តាម​អះអាង​របស់​លោក​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កាល​ពី​ថ្ងៃ​ពុធ​ទី​២១​ខែ​មេសា​ឆ្នាំ​២០២១​ម្សិលមិញ​នេះ​។​​ «នេះ​ជា​ការ​និពន្ធ​ទំនុក​ច្រៀង​និង​Melody លើក​ដំបូង​របស់​ខ្ញុំ​ ពេល​ថត​សំឡេង​ខ្ញុំ​ច្រៀង​បណ្ដើរ​ហូរ​ទឹក​ភ្នែក​បណ្ដើរ​ តែ​មិន​ដឹង​ថា​បងប្អូន​ស្ដាប់​ទៅ​ពីរោះ​ឬ​អត់​ទេ?​ អ្នក​ស្រលាញ់​គេ​តែ​ម្ខាង​ទើប​យល់​អារម្មណ៍​មួយ​នេះ​»

ក្រោយ​អ្នក​គាំទ្រ​បាន​ឃើញ​សំណេរ​រៀបរាប់​សាស័ព្ទ​រឿង​ក្នុង​ចិត្ត​របស់​ Idol ខ្លួន​ហើយ​នោះ​មាន​មតិ​ភាគ​ច្រើនចូល​មក​កោត​សរសើរ​ពី​ទឹក​ដៃ​និពន្ធ​របស់​លោក​ អ្នក​ខ្លះប្រាប់​ថា​ស្រលាញ់​បទ​ចម្រៀង​ថ្មី​នេះ​ខ្លាំង​ ខណៈ​មាន​មតិ​ពោល​ឡើង​លេងសើច​ថា​ ច្រៀង​បណ្ដើរ​យំបណ្ដើរ​សង្ស័យ​តែ​មាន​រឿង​បងខ្លះ​ហើយ​ ឬ​ប្រយ័ត្ន​ប្រពន្ធ​វ៉ៃ​ជា​ដើម​។

សូម​រំលឹក​ឡើង​វិញ​​ថា​លោក​ខេមរៈសិរីមន្ត​គឺជា​តារា​ចម្រៀង​ល្បី​ដែល​មាន​បទ​ចម្រៀង​ល្បី​ៗ​ស្ថិត​ក្នុង​ការ​ចងចាំ​អ្នក​គាំទ្រ​ជា​ច្រើន​បទ​ដូច​ជា«អន្ទង​ស្នេហ៍»​ «បេះដូង​​អ្នក​ប្រដាល់​» «ព្រួយ​ជា​មួយ​ច័ន្ទ​» «លើស​ពី​ហ្វេន​បាន​អត់​?»និង​បទ​ចម្រៀង​ក្នុង​ផលិតកម្ម​ហង្សមាស​ «ស្ទឹង​ត្រែង​បង​អើយ​» និង​​«ធុញ​បង​មែនទេ?​»ជា​ដើម​៕

Share.