ភ្នំពេញ ៖ បុរសម្នាក់ខណៈដែលកំពុងមានជំងឺស្រាប់ផង កើតមានអាការៈមិនស្រួលខ្លួន ជំងឺរើធ្វើទុក្ខ ក្រុមគ្រួសារហៅសុំរថយន្តសង្គ្រោះឱ្យជួយដឹកបញ្ជូនទៅមន្ទីរពេទ្យ រថយន្តមិនទាន់ទាំងទៅដល់ផង គាំងបេះដូងស្លាប់បាត់ បង្កឱ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧និង២០នាទីយប់ ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ នៅបន្ទប់ជួលជាន់ទី១ ផ្លូវបេតុង បុរីប៊ុនហួ ក្នុងភូមិព្រៃព្រីងត្បូង១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

សពមានឈ្មោះ សាំង សម្បត្តិ ភេទប្រុស អាយុ៦០ឆ្នាំ មុខរបរនៅផ្ទះ មានស្រុកកំណើតភូមិព្រៃគុយ ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ មានប្រពន្ធឈ្មោះ ឡេង លីហេង ស្រី អាយុ៥៩ឆ្នាំ មុខរបរសន្តិសុខ មានស្រុកកំណើតនៅភូមិអូរពពេល ឃុំខ្ចៅ ស្រុកកងមាស ខេត្តកំពង់ចាម ។ ប្តីប្រពន្ធខាងលើស្នាក់នៅផ្ទះជួលកន្លែងកើតហេតុ ។

តាមស្ត្រីជាប្រពន្ធបានឱ្យដឹងថា ប្តីរបស់គាត់ធ្លាប់ទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យរុស្សុី ជំងឺផ្លូវដង្ហើម បានធូរស្រាលក៏វិលមកវិញ បាន១០ថ្ងៃហើយ ស្រាប់តែនៅព្រលប់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤នេះ កើតមានអាការៈមិនស្រួលខ្លួន ហើយបានទំនាក់ទំនងទៅរថយន្តសង្គ្រោះបន្ទាន់ គ្រាន់តែរថយន្តមិនទាន់មកដល់ផង ប្តីរបស់គាត់ស្លាប់បាត់។ សពបុរសខាងលើត្រូវបានសមត្ថកិច្ចមូលដ្ឋានចុះទៅសាកសួរធ្វើឯកសារ ហើយក្រុមគ្រួសារសុំឱ្យជួយធ្វើឯកសារមរណៈភាព ដើម្បីដឹកសពយកទៅធ្វើបុណ្យតាមប្រពៃណី ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.