ម្ចាស់​ពាន​កម្មវិធី​ប្រកួត​ The Voice Thailand រដូវកាល​ទីមួយ​ Nont Tanont ក៏​ស្ថិត​ក្នុង​ចំណោម​តារា​ដែល​បាន​ឆ្លង​ជំងឺ​កូវីដ​-១៩ ​និង​កំពុង​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​ដែរ​ ហើយ​សម្រាប់​អាការៈ​ចុង​ក្រោយ​នៅ​ពេល​នេះ​មេរោគ​បាន​ចូល​ដល់​ក្នុង​សួត​ហើយ​។

រង្វង់​សិល្បៈ​នៅ​ក្នុង​ប្រទេស​ថៃ​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​មួយ​វឹកវរ​ខ្លាំង​ព្រោះ​កំណើន​តារា​និង​អ្នក​សិល្បៈ​ព្រម​ទាំង​ក្រុម​គ្រួសារ​មាន​ទាំង​អ្នក​ពាក់ព័ន្ធ​ទៀត​នោះ​បាន​បន្ត​ឆ្លង​មេរោគ​កូវីដ​-១៩ បន្តបន្ទាប់​ ដោយ​ក្នុង​នោះ Nont Tanont ដែល​ជា​អ្នក​ជំងឺ​ម្នាក់​ដែរ​នោះ​មិន​ដែល​ភ្លេច​ចែក​រំលែក​ពី​អាការៈ​រោគ​របស់​ខ្លួន​ជាមួយ​នឹង​អ្នក​គាំទ្រ​របស់​លោក​ឡើយ​។​

កាល​ពី​ម្សិលមិញ​សារព័ត៌មាន​ Sanook របស់​ប្រទេស​ថៃ​បាន​ផ្សព្វផ្សាយ​ថា​ពេល​នេះ​មេរោគ​កូវីដ​-១៩ ​បាន​ចូល​ទៅ​ដល់​បរិវេណ​សួត​របស់​លោក​រួច​រាល់​ហើយ​។ ដំណឹង​នេះ​គឺ​យោង​ទៅ​តាម​ការ​ផុស​លើ​បណ្ដាញ​សង្គម​របស់​សាមី​ខ្លួន​ផង​ដែរ។ «នៅ​តែ​ជា​ Tanont ដែល​ពោរពេញ​ទៅ​ដោយ​ការ​អភិវឌ្ឍ​គ្រប់​ៗ​រឿង​។ ព្រឹកនេះ​មេរោគ​កូវីដ​-១៩ បានចូល​ដល់​ក្នុង​សួត​ហើយ​បាទ​»​។

ក្រោយ​អ្នក​គាំទ្រ​បាន​ដឹង​ដំណឹងនេះ​ម្នាក់ៗ​បាន​ចូល​មក​ខមមិន​លើក​ទឹក​ចិត្តនិង​ជូនពរ​ឱ្យ​តារា​រូប​នេះ​ឆាប់​ត្រលប់​មក​មាន​សុខភាព​ល្អ​និង​រឹងមាំ​ដូច​កាល​ពី​មុន​វិញ​៕

Share.