ភ្នំពេញ៖ បុរសម្នាក់ក្នុងស្ថានភាពរបួសធ្ងន់ធ្ងរ ត្រូវបានរថយន្តសង្គ្រោះដឹកបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ គ្រាដែលកំពុងជិះម៉ូតូធ្វើដំណើរតាមផ្លូវ ត្រូវបានរថយន្តបើកបុកពីក្រោយ កាលពីវេលាម៉ោង៤និង១០នាទីព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤ នៅតាមផ្លូវជាតិលេខ២ ចំណុចស្ពានបាក់ ក្នុងភូមិព្រែករទាំង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ជនរងគ្រោះមានឈ្មោះ សាន ពិសិដ្ឋ ភេទប្រុស មុខរបរជាងដែក មានទីលំនៅភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ជិះម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1JJ-8996 ជាមធ្យោបាយ ។

តាមនគរបាលមូលដ្ឋានបានឱ្យដឹងថា មុនកើតហេតុជនរងគ្រោះជិះម៉ូតូ ពីលិចទៅកើត ដល់ចំណុចកើតហេតុ ត្រូវបានរថយន្តមិនស្គាល់ម៉ាកបើកបុកពីក្រោយ បណ្តាលឱ្យរងរបួសធ្ងន់ធ្ងរ ស្របពេលដែលតាមដងផ្លូវមានសភាពស្ងាត់ផង ជាឱកាស រថយន្តបង្កបើករត់គេចទៅបាត់ ។

ក្រោយកើតហេតុជនរងគ្រោះ ក្នុងស្ថានភាពរបួសធ្ងន់ធ្ងរ សង្ឃឹមតិចតួច ត្រូវបាននគរបាលទាក់ទងហៅរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកដង្កោ ដឹកបញ្ជូនទៅមន្ទីរពេទ្យរុស្សុី រីឯម៉ូតូត្រូវបានយកទៅរក្សាទុកនៅផ្នែកជំនាញខណ្ឌ និងបន្តពិនិត្យស្រាវជ្រាវស្វែងរករថយន្តបង្កមកដោះស្រាយ ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.