ព្រះសីហនុ៖ ដើម្បីជួយសម្រួលដោះស្រាយការខ្វះខាតទឹកប្រើប្រាស់នាពេលដែលស្ថានភាពមានការរាំងស្ងួតខ្លាំងនៅរដូវប្រាំងនេះបណ្ដាលឱ្យបឹងត្រពាំងអណ្ដូងមួយចំនួនមានការរីងស្ងួតចំពោះមុខលោកវរៈសេនីយ៍ត្រី អ៊ុក ពិសិដ្ឋ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថ ក្រុងព្រះសីហនុបានដឹកជញ្ជូនទឹកចែកជូនប្រជាពលរដ្ឋតាមបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទីមេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ។


លោកមេបញ្ជាការកងរាជវុធហត្ថក្រុងបានបញ្ជាក់ថាក្រោយពីទទួលព័ត៌មានពីអាជ្ញាធរមូលដ្ឋានភូមិសង្កាត់អង្គភាពកងរាជអាវុធហត្ថក្រុងបានចុះអន្តរាគមន៍ភ្លាមៗដោយដឹកទឹកជូនបងប្អូនប្រជាពលរដ្ឋចំនួនពីសង្កាត់នៅក្នុងក្រុងព្រះសីហនុគឺនៅក្នុងភូមិ២សង្កាត់លេខ ១និងភូមិ១សង្កាត់លេខ ៤ក្រុងព្រះសីហនុដែលកំពុងមានការខ្វះខាតទឹកប្រើប្រាស់ខណៈស្ថានភាពរាំងស្ងួតខ្លាំនៅរដូវប្រាំងនេះ។
លោកក៏បានបញ្ជាក់ផងដែរថាចំពោះបងប្អូនប្រជាពលរដ្ឋដែលកំពុងជួបការខ្វះខាតទឹកប្រើប្រាស់សូមផ្ដល់ព័ត៌មានមកអាជ្ញាធរមូលដ្ឋានភូមិសង្កាត់ដើម្បីផ្ដល់ព័ត៌មានដល់អង្គភាពកងរាជវុធហត្ថក្រុងព្រះសីហនុក្នុងការដឹកជញ្ជូនទឹកជូនដល់បងប្អូនបានទាន់ពេលវេលាផងដែរ។


ជាមួយគ្នានេះលោក សេង នីម ចៅសង្កាត់លេខ ៤ក្រុងព្រះសីហនុក៏បានថ្លែងអំណរគុណចំពោះលោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជវុធហត្ថខេត្តព្រះសីហនុនិងជាប្រធានក្រុមការងារចុះជួយសង្កាត់លេខ ៤ ដែលបានចាត់ឲ្យក្រុមការងារដឹកជញ្ជូនទឹកជូនបងប្អូនប្រជាពលរដ្ឋដែលកំពុងមានការខ្វះខាតនៅរដូវរាំងស្ងួតនេះបានទាន់ពេលវេលាផងដែរ៕

សំឡេងលោកចៅសង្កាត់លេខ ៤ និងប្រជាពលរដ្ឋ

Share.