ភ្នំពេញ ៖ អង្គភាព៧១១ កងពលតូចលេខ៧០ ជួយបាញ់ទឹកនៅបរិវេណសាលាបឋមសិក្សាជម្ពូវ័ន ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ តាមការស្នើសុំពីលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ដើម្បីកាត់បន្ថយកម្តៅ សម្រួលដល់សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ នៅរសៀលថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤នេះ ។

តាមនាយកសាលា បានឱ្យដឹងថា សាលាបឋមសិក្សាជម្ពូវ័ន មានអគារសិក្សាចំនួន១១អគារ ចែកជា៤៣បន្ទប់ថ្នាក់រៀន ហើយក្នុងឆ្នាំសិក្សា២០២៣-២០២៤នេះ មានសិស្សចូលរៀនចំនួន៣៤៤៨នាក់ មានគ្រូចំនួន៦៤នាក់ ។

ដោយសារកក្តាធម្មជាតិ បម្រែបម្រួលអាកាសធាតុ កម្តៅហក់ឡើងនាពេលបច្ចុប្បន្ន មិនទាន់មានភ្លៀងធ្លាក់ ក្តៅហួតហែង ប្រឈមសិស្ស លោកគ្រូអ្នកគ្រូ កំពុងរៀនសូត្រក្នុងថ្នាក់ ទើបស្នើសុំអង្គភាពសង្គ្រោះ៧១១ កងពលតូចលេខ៧០ ឱ្យជួយបាញ់ទឹក ក្នុងបរិវេណសាលា ដើម្បីកាត់បន្ថយកម្តៅ សម្រួលដល់សិស្សានុសិស្ស ក្នុងរៀនសូត្រក្នុងថ្នាក់ ។

តបតាមសំណូមពរ របស់លោកគ្រូអ្នកគ្រូ សាលាបឋមសិក្សាជម្ពូវ័ន នៅរសៀលថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤នេះ អង្គភាពសង្គ្រោះ៧១១ កងពលតូចលេខ៧០ យករថយន្តពន្លត់អគ្គិភ័យមួយគ្រឿង ទៅជួយបាញ់ទឹក ដើម្បីកាត់បន្ថយកម្តៅ សម្រួលដល់សិស្សកំពុងរៀនក្នុងថ្នាក់ ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.