ប្រធានាធិបតីសហរដ្ឋអាមេរិកទី៤៦ លោក ចូ បៃឌិន កាលពីថ្ងៃ ព្រហស្បតិ៍ ម្សិលមិញ បានសន្យាកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់របស់សហរដ្ឋអាមេរិកពី៥០ ភាគរយដល់ ៥២%នៅឆ្នាំ ២០៣០ ដែលជាគោលដៅថ្មី ដើម្បីបង្កើនមហិច្ឆតារបស់ពួកគេ ក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។

គោលដៅថ្មី បានបង្ហាញនៅពេលចាប់ផ្តើម នៃកិច្ចប្រជុំកំពូលអាកាសធាតុរយៈពេល ២ ថ្ងៃ ដែលរៀបចំឡើងដោយប្រធានាធិបតី លោកចូបដិន កើតឡើងនៅពេល ដែលសហរដ្ឋអាមេរិកព្យាយាមទាមទារមកវិញនូវភាពជាអ្នកដឹកនាំពិភពលោក ក្នុងការប្រយុទ្ធប្រឆាំងនឹងការឡើងកម្តៅពិភពលោក បន្ទាប់ពីអតីតប្រធានាធិបតី លោក ដូណាល់ត្រាំបានដកប្រទេសចេញពីកិច្ចប្រឹងប្រែងអន្តរជាតិដើម្បីកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់។

ការប្ដេជ្ញាចិត្តថ្មីនេះ មានសារៈសំខាន់ដើម្បីពង្រឹងភាពជឿជាក់របស់សហរដ្ឋអាមេរិក លើការចូលរួមទប់ស្កាត់ការ ឡើងកំដៅផែនដី ស្របពេលមានការព្រួយបារម្ភពីអន្តរជាតិថា ការប្តេជ្ញាចិត្តរបស់អាមេរិកចំពោះសេដ្ឋកិច្ចថាមពលស្អាតអាចផ្លាស់ប្តូរពីរដ្ឋបាលមួយទៅរដ្ឋបាលមួយទៀត។

គំរោងហេដ្ឋារចនាសម្ព័ន របស់លោក ចូបៃឌិន បានណែនាំនាពេលថ្មីៗនេះមានទឹកប្រាក់ជាច្រើនពាន់លានដុល្លារដែលមានវិធានការណ៍ជាច្រើនដែលអាចកាត់បន្ថយការបំភាយឧស្ម័នមួយចំនួន នៅអំឡុង១ទសវត្សរ៍នេះ។ 

លោក ចូ បៃឌិន បានផ្តោតលើការស្តារភាពជាអ្នកដឹកនាំអាកាសធាតុរបស់សហរដ្ឋអាមេរិកក្នុងអំឡុងពេលយុទ្ធនាការរបស់លោក និងនៅក្នុងថ្ងៃដំបូង នៃតំណែងប្រធានាធិបតីរបស់លោក បន្ទាប់ពីគណបក្សសាធារណរដ្ឋ ដែលគ្រប់គ្រងដោយអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ត្រាំ បានដកសហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការឡើងកម្តៅពិភពលោក។

រដ្ឋាភិបាលថ្មី បានរងសម្ពាធយ៉ាងធ្ងន់ធ្ងរ ពីក្រុមបរិស្ថាន អគ្គលេខាធិការអង្គការសហប្រជាជាតិ និងរដ្ឋាភិបាលបរទេស ដើម្បីកំណត់គោលដៅកាត់បន្ថយការបំភាយឧស្ម័នយ៉ាងហោចណាស់ ៥០ ភាគរយក្នុងមួយទសវត្សរ៍នេះ ដើម្បីលើកទឹកចិត្តប្រទេសដទៃទៀត ចូលរួមកាត់បន្ថយការបំភាយឧស្ម័ន៕

ប្រភព៖ CNA

Share.