ភ្នំពេញ ៖ បុរសម្នាក់រងរបួសធ្ងន់ បាក់ជើងខាងស្តាំ បន្ទាប់ពីបើកម៉ូតូកង់បីជ្រុលទៅបុកពីក្រោយរថយន្តធុនធំដឹកស្រាបៀរចតឈប់ដេកតាមផ្លូវ ។ ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង២និង៥០នាទីរំលងអធ្រាត្រចូលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤ នៅតាមផ្លូវ២១៧ មុខក្រុមហ៊ុនស្រាបៀរកម្ពុជា ក្នុងភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះ អ៊ុក សុីណេង ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបររត់ម៉ូតូកង់បី មានទីលំនៅភូមិជង្រុក ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ រងរបួសបាក់ជើងស្តាំ ។

តាមប្រជាពលរដ្ឋបានលើកឡើងថា នៅលើផ្លូវ២១៧ មុខក្រុមហ៊ុនស្រាបៀរកម្ពុជា មានរថយន្តធំៗ ឈប់ដេកតាមផ្លូវរាល់យប់ បង្កគ្រោះថ្នាក់ចរាចរណ៍សុឹងរាល់ថ្ងៃ អាជ្ញាធរ សមត្ថកិច្ច ថ្នាក់សង្កាត់ ខណ្ឌ មិនហ៊ានចុះ អប់រំ ណែនាំ រថយន្តឈប់ដេកតាមផ្លូវស្រេចតែចិត្ត មិនគិតពីការប្រឈមគ្រោះថ្នាក់ មានបញ្ហាបើករត់ចេញបាត់ មិនខ្វល់ពីប្រជាពលរដ្ឋ អ្នកដំណើរ (នេះជាការលើកឡើងរបស់មហាជន) ។

តាមប្រភពនៅកន្លែងបានឱ្យដឹងថា មុនកើតហេតុ ជនរងគ្រោះបើកម៉ូតូកង់បី ពីជើងទៅត្បូង ដល់ចំណុចកើតហេតុ វ៉ាក់អើ ជ្រុលបុកពីក្រោយរថយន្តធុនធំ ដែលចតឈប់ដេកតាមផ្លូវ រង់ចាំដឹកស្រាបៀរ បណ្តាលឱ្យរងរបួសបាក់ជើងស្តាំ រួញកៀបជាប់ក្នុងកង់បី រថយន្តម្ចាស់ងើបឡើងបើកចាកចេញទៅបាត់ ។

ក្រោយកើតហេតុជនរងគ្រោះត្រូវបានកងរុករកនិងសង្គ្រោះ របស់អង្គភាព៧១១ កងពលតូចលេខ៧០ ចេញទៅអន្តរាគមន៍ វះ កាត់ ហែក កង់បីដើម្បីយកជនរងគ្រោះចេញ រួចដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ។ ម៉ូតូកង់បី ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកត្រឹមប៉ុស្តិ៍ជាបណ្តោះអាសន្ន តែមិនទាន់ដឹងថា ហ៊ានស្រាវជ្រាវស្វែងរករថយន្ត មួយគ្រឿងខាងលើអត់ឬយ៉ាងណានោះទេ ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.