ភ្នំពេញ ៖ យុវជន យុវនារី គ្នា៣នាក់ជិះម៉ូតូហុងដាឌ្រីមមួយគ្រឿង បើកបរល្បឿនលឿន រំលោភភ្លើងស្តុប ជ្រុលទៅបុកពីមុខម៉ូតូកង់បីកំពុងបើកច្រាសទិសតាមភ្លើងសញ្ញាពណ៌ខៀវ បណ្តាលឱ្យនារីម្នាក់រងរបួសធ្ងន់ បាក់ដៃ បាក់ជើងខាងស្តាំ ២នាក់ទៀតរងរបួសស្រាល មធ្យោបាយទាំង២គ្រឿងខូចខាត ។ ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ នៅផ្លូវសហព័ន្ធរុស្សុី ចំណុចភ្លើងស្តុបចូលព្រលាន ក្នុងភូមិក្បាលដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះម្នាក់របួសធ្ងន់មានឈ្មោះ វ៉ាត ស្រីសាវ៉ុន ភេទស្រី អាយុ១៨ឆ្នាំ មានទីលំនៅភូមិសិតក្រមួន ឃុំពាមមន្ទារ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង របួសបាក់ដៃស្តាំ និងបាក់ជើងស្តាំ ចំណែក២នាក់ទៀត ប្រុស១នាក់ ស្រី១នាក់ រងរបួសស្រាល ។

តាមប្រភពនៅកន្លែងបានឱ្យដឹងថា មុនកើតហេតុ ម៉ូតូម៉ាកហុងដាឌ្រីម សេរី២០២៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1JZ-8290 បើកបរដោយនារីខាងលើ ឌុបគ្នា២នាក់ទៀតប្រុសម្នាក់ ស្រីម្នាក់ ធ្វើដំណើរពីកើតទៅលិចល្បឿនលឿន លុះដល់ចំណុចកើតហេតុ មិនបានឈប់ស្តុប ភ្លើងក្រហមទេ ព្យាយាមបើកឆ្លង ទើបជ្រុលទៅបុកពីមុនម៉ូតូកង់បី អគ្គិសនី ពណ៌ស ពាក់ស្លាកលេខ ព្រៃវែង 1X-7556 កំពុងបើកពីលិចទៅកើត តាមភ្លើងសញ្ញាស្តុបពណ៌ខៀវ បណ្តាលឱ្យនារីម្នាក់រងរបួសធ្ងន់ ២នាក់ទៀត ប្រុសម្នាក់និងស្រីម្នាក់រងរបួសស្រាល ម៉ូតូខ្ទេចមួយកំណាត់មុខ ចំណែកម៉ូតូកង់បីខ្ទេចផ្នែកខាងមុខ ។

ក្រោយកើតហេតុ នារីម្នាក់រងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ រីឯម៉ូតូនិងម៉ូតូកង់បី ត្រូវបានសមត្ថកិច្ចវាស់វែងរួចយកទៅរក្សាទុកនៅផ្នែកជំនាញខណ្ឌ រង់ចាំភាគីសងខាងចួលខ្លួនដោះស្រាយគ្នានៅពេលក្រោយ ៕

អត្ថបទ៖តាតុងសែនជ័យ

Share.