ភ្នំពេញ ៖ យុវជនម្នាក់រងរបួសធ្ងន់ បន្ទាប់ពីជិះម៉ូតូលឿនជ្រុលហ្វ្រាំងមិនទាន់ជ្រុលបុកពីចំហៀងរថយន្តPriusកំពុងបត់ឆ្វេង ។ ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៨និង៣៥នាទីយប់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ នៅតាមផ្លូវបេតុង បុរីសែនមនោរម្យ ភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។

ជនរងគ្រោះមានឈ្មោះ យ៉ង់ សុផល ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះជួលក្នុងភូមិកើតហេតុ មានស្រុកកំណើតនៅភូមិស្វាយ ឃុំកំពង់សឹង ស្រុកព្រះស្តេច ខេត្តព្រៃវែង ។

តាមប្រភពនៅកន្លែងបានឱ្យដឹងថា មុនកើតហេតុ រថយន្តម៉ាកPrius ពណ៌ស ណាក់ស្លាកលេខ ភ្នំពេញ 2AO-2038 បើកពីជើងទៅត្បូង ដល់ចំណុចកើតហេតុ បត់ឆ្វេង ស្រាប់តែម៉ូតូ ហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង 1E-3841 ជិះលឿនពីត្បូងទៅជើងហ្វ្រាំងមិនទាន់ជ្រុលបុកទ្វារពីចំហៀងខាងស្តាំ បណ្តាលឱ្យរងរបួសធ្ងន់ ។

ក្រោយកើតហេតុ ជនរងគ្រោះម្នាក់ ត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ចំណែករថយន្តនិងម៉ូតូ សមត្ថកិច្ចវាស់វែងរួចយកទៅរក្សាទុកនៅផ្នែកជំនាញខណ្ឌ រង់ចាំដោះស្រាយនៅពេលក្រោយ ៕

អត្ថបទ៖តាតុងសែនជ័យ

Share.