ស្វាយរៀង ៖ ករណីគ្រោះថ្នាក់ចរាចរណ៍ បុកសត្វគោ កើតមានសុឹងរាល់ថ្ងៃទៅហើយ ក្នុងខេត្តស្វាយរៀង ហាក់បីដូចជាលើសពីខេត្តផ្សេងៗ គ្រាន់តែក្នុងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤នេះ កើតមានគ្រោះថ្នាក់ចរាចរណ៍ ជិះម៉ូតូបុកសត្វគោរត់ឆ្លងផ្លូវ ចំនទន២ករណីផ្សេងគ្នា នៅក្នុងស្រុកស្វាយទាប របួសធ្ងន់២នាក់ នៅក្នុងស្រុករំដួល របួសធ្ងន់ម្នាក់ ។

តាមប្រជាពលរដ្ឋបានលើកឡើងថា គ្រោះថ្នាក់ចរាចរណ៍ ជិះបុកជាមួយសត្វគោ កើតមានសុឹងតែរាល់ថ្ងៃទៅហើយ បង្កឱ្យមនុស្សរងរបួស ខូចខាតទ្រព្យសម្បត្តិជាហូរហែ ចំពោះចំណាត់ការ វិធានការ ហាក់បីដូចជាគ្មាន មានតែអ្នកបើកបរម្ចាស់ការខ្លួនឯងទៅវិញ ។

ប្រភពបន្តទៀតថា ក្នុងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤នេះ គ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូបុកសត្វគោរត់ឆ្លងផ្លូវ កាលពីវេលាម៉ោង២និង៤៥នាទី ម៉ូតូហុងដាBeat មួយគ្រឿងជិះបុកសត្វគោ បណ្តាលឱ្យរងរបួសធ្ងន់២នាក់ នៅតាមផ្លូវជាតិលេខ១ ឃុំប្រសូត្រ ស្រុកស្វាយទាប ខេត្តស្វាយរៀង លុះនៅវេលាម៉ោង៦និង២៥នាទី ព្រលប់ថ្ងៃដដែលនេះ ម៉ូតូហុងដាឌ្រីម ជិះបុកសត្វគោ រត់ឆ្លងផ្លូវ បណ្តាលឱ្យរងរបួសធ្ងន់ម្នាក់ នៅក្បែរវត្តលក្ខរាជា ក្នុងឃុំកំពង់ចក ស្រុករំដួល ខេត្តស្វាយរៀង ។

ពលរដ្ឋ អ្នកដំណើរ ទទូចស្នើសុំដល់អាជ្ញាធរ សមត្ថកិច្ច មេត្តាជួយអប់រំ ណែនាំ ដល់ម្ចាស់គោ ចង ឬដឹក ឱ្យបានត្រឹមត្រូវ ជៀសវាងព្រលែងឱ្យដើរសេរី បង្កគ្រោះថ្នាក់ដល់អ្នកដទៃ កាលបើមានគ្រោះថ្នាក់ហើយ សាកសួររកម្ចាស់មិនដែលឃើញទេ ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.