ភ្នំពេញ ៖ ម៉ូតូហុងដាឌ្រីមមួយគ្រឿង ជិះដោយបុរសម្នាក់អាយុជាង២០ឆ្នាំ បើកបរល្បឿនលឿន ជ្រុលទៅបុកជាមួយរថយន្តស្តារិចកំពយងបើកឆ្លងផ្លូវ បណ្តាលឱ្យដាច់ជើងម្ខាងជាប់នឹងរថយន្ត ជនរងគ្រោះនិងម៉ូតូប្លោងខ្ទាតហោះឆ្លងសួនទ្រូងផ្លូវទៅបំណែកផ្លូវម្ខាងទៀត ។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង១១និង៣៥នាទីព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤ នៅតាមផ្លូវជាតិលេខ៣ ចំណុចភូមិស្រែញរ៍ សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ជនរងគ្រោះមិនស្គាល់អត្តសញ្ញាណ ភេទប្រុស អាយុជាង២០ឆ្នាំ ក្នុងស្ថានភាពរបួស ដាច់ជើងខាងស្តាំ សន្លប់បាត់ស្មារតី ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 1AB-1230 ជាមធ្យោបាយ ។

តាមប្រភពនៅកន្លែងកន្លែងបានឱ្យដឹងថា មុនកើតហេតុ រថយន្តម៉ាកស្តារិច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BV-1130 បើកបរដោយបុរសម្នាក់ ដឹកព្រះសង្ឃ បើកពីត្បូងទៅជើង ឈប់ដាក់ព្រះសង្ឃចុះ នៅកន្លែងកើតហេតុ រួចបើកឆ្លងផ្លូវពីកើតទៅលិច ស្រាប់តែជនរងគ្រោះជិះម៉ូតូល្បឿនលឿនពីត្បូងទៅជើងជ្រុលបុកផ្នែកខាងមុខរថយន្ត បណ្តាលឱ្យដាច់ជើងខាងស្តាំជាប់នឹងរថយន្ត ហើយជនរងគ្រោះនិងម៉ូតូប្លោងហោះឆ្លងសួនទ្រូងផ្លូវទៅបំណែកផ្លូវម្ខាងទៀត សន្លប់បាត់ស្មារតី ឃើញសភាពមិនស្រួល អ្នកបើកបររថយន្ត ចុះគេចខ្លួនបាត់ ។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានក្រុមសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ចេញទៅអន្តរាគមន៍ តាមជំនាញសង្គ្តោះបឋម ដោះយកជើងម្ខាងចេញពីរថយន្ត រួចដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យព្រះកុសុមៈ ។ ចំណែកម៉ូតូនិងរថយន្ត ត្រូវបានប្រគល់ឱ្យការិយាល័យចរាចរណ៍ជើងគោក ស្នងការក្រុងភ្នំពេញ យកទៅរក្សាទុក និងកសាងសំណុំរឿងតាមនីតិវិធី ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.