កំពង់ចាម៖ រដ្ឋបាលស្រុកស្រីសន្ធរ តំណាងរដ្ឋបាលខេត្តកំពង់ចាម និងគ្រប់គណៈកម្មាការលទ្ធកម្មឃុំទាំង៨ មានការរៀបចំរបៀបវារៈបានសមរម្យមុនដំណើរការដាក់សំណើប្រកួតប្រជែង ។ ក្នុងអំឡុងដំណើរការចរន្តប្រព្រឹត្តទៅមិនខុសពីទីផ្សារលក់ត្រីនោះទេ មានក្រុមហ៊ុនខ្លះដាក់សំណើចូលហិបហើយដកចេញ រួចដាក់ចូលវិញបានដោយរលូន ហើយក្រុមហ៊ុនខ្លះទៀត កម្លាំងរដ្ឋបាលខេត្តប្រកាសបិទបញ្ឈប់ការដាក់សំណើ តែនៅតែមានក្រុមហ៊ុនបន្តដាក់បានទៀត ។

ជុំវិញករណីខាងលើនេះ មហាជនមានការចាប់អារម្មណ៍ថា កម្លាំងរដ្ឋបាលខេត្ត ស្រុក និងគណៈកម្មាការលទ្ធកម្មឃុំ ហាក់ព្រងើយកន្តើយនឹងករណីនេះ លទ្ធភាពមិនប្រក្រតីទាំងនេះ មានតែក្រសួងមហាផ្ទៃ មានសិទ្ធិពិនិត្យឡើងវិញ ដើម្បីធានាដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវនៅមូលដ្ឋានថ្នាក់ក្រោមជាតិ ។

លោក ស៊ីម គង់ អភិបាលស្រុកស្រីសន្ធរបានឲ្យដឹងថា គម្រោងផ្លូវបេតុងចំនួន៨ឃុំនេះ មានទឹកប្រាក់ប្រមាណជិត១៩០០លានរៀល ត្រូវបានដាក់ឲ្យដេញថ្លៃនៅសាលាស្រុកស្រីសន្ធរ នាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ ២០២៤នេះ ។ ឃុំទាំង៨នោះមានឃុំជីបាល ឃុំកោះអណ្ដែត ឃុំមានជ័យ ឃុំផ្ទះកណ្ដាល ឃុំព្រែកដំបូក ឃុំព្រៃរំដេង ឃុំឬស្សីស្រុក និងឃុំស្វ័យបូរ ។

ក្នុងការប្រកួតប្រជែងមាន៖

១.ឃុំជីបាលផ្លូវបេតុងប្រវែង៥៦០ម៉ែត្រតម្លៃដាក់ឲ្យដេញថ្លៃជាង២៦៥លានរៀល មានក្រុមហ៊ុនចំនួន៣ ចូលរួមប្រកួតប្រជែងបានលើក្រុមហ៊ុន ម៉ៅ មួយហេង តម្លៃជាង៨៩លានរៀល។

២.ឃុំកោះអណ្ដែត ផ្លូវបេតុងប្រវែង៣៨០ ម៉ែត្រ តម្លៃដាក់ដេញថ្លៃជាង២០៧ លានរៀល មានក្រុមហ៊ុន៩ ចូលរួមប្រកួតប្រជែងបានលើក្រុមហ៊ុន ម៉ាន់ ម៉េងហេង ក្នុងតម្លៃជាង៦១លានរៀល។

៣.ឃុំមានជ័យ ផ្លូវបេតុងប្រវែង៤០០ ម៉ែត្រ តម្លៃដាក់ដេញថ្លៃជាង២១៧លានរៀល មានក្រុមហ៊ុន៩ ចូលរួមប្រកួតប្រជែង បានលើក្រុមហ៊ុន យ៉េន ស៊ីនួន ក្នុងតម្លៃជាង៧៧លានរៀល។

៤.ឃុំផ្ទះកណ្ដាល ផ្លូវបេតុងប្រវែង៤០០ ម៉ែត្រតម្លៃដាក់ដេញថ្លៃជាង២០៧លានរៀល មានក្រុមហ៊ុនចំនួន៥ ចូលរួមប្រកួតប្រជែងបានលើក្រុមហ៊ុន កៅ ប៊ុនណាក់ តម្លៃ៩៨លានរៀល។

៥.ឃុំព្រែកដំបូក ផ្លូវបេតុងប្រវែង៤០០ ម៉ែត្រ តម្លៃដាក់ដេញថ្លៃជាង២២៧លានរៀល មានក្រុមហ៊ុន៩ចូលរួមបានទៅលើក្រុមហ៊ុន កេត សុខគាង តម្លៃ៨៧ លានរៀល ។

៦.ឃុំព្រែករំដេង ផ្លូវបេតុងប្រវែង៤៥០ ម៉ែត្រ តម្លៃដាក់ដេញថ្លៃជាង២៥៥លានរៀល មានក្រុមហ៊ុន៧ ចូលរួមបានលើក្រុមហ៊ុន ចេង ពៅ តម្លៃជាង៦៨លានរៀល។

៧.ឃុំឫស្សីស្រុក ផ្លូវបេតុងប្រវែង៤០០ ម៉ែត្រតម្លៃដាក់ដេញថ្លៃជាង២១៥លានរៀល មានក្រុមហ៊ុន៩ ចូលរួមបានលើក្រុមហ៊ុន ស្រុង សឿន តម្លៃជាង៨៣ លានរៀល ។

៨.ឃុំស្វាយពោធិ ផ្លូវបេតុងប្រវែង៥៥០ ម៉ែត្រ តម្លៃដាក់ដេញថ្លៃជាង២៥២លានរៀល មានក្រុមហ៊ុន៩ បានទៅលើក្រុមហ៊ុនយ៉េន ស៊ីនួន តម្លៃជាង៧៩ លានរៀល ។

មានការលើកឡើងថា ឃុំចំនួនពីរ គឺ ១.ឃុំកោះអណ្តែត មានក្រុមហ៊ុនដាក់សំណើក្រោយការប្រកាសបិទ ហើយទទួលបានជោគជ័យ ។ និងឃុំព្រែករំដេង មានក្រុមហ៊ុនដាក់សំណើ រួចដកវិញ ហើយដាក់ចូលទៀត ដោយជោគជ័យ ។ បែបនេះ រដ្ឋបាលខេត្ត ស្រុក លទ្ធកម្មឃុំទាំងពីរ មិនគួរមើលរំលង គេថា គ្នាច្រើនអន្សមខ្លោច។

ជុំវិញករណីខាងលើនេះ សារព័ត៌មានត្រយង នៅមិនទាន់អាចសុំការបំភ្លឺពីក្រុមពាក់ព័ន្ធបាននៅឡើយ ហើយប្រសិនបើមានប្រតិកម្មណាមួយជុំវិញករណីនេះភ្លាមៗ សារព័ត៌មានត្រយងនឹងធ្វើការផ្សាយជាបន្ដបន្ទាប់ ជុំវិញករណីនេះ៕

អត្ថបទ៖ សាន វីឡែម

Share.