ស្វាយរៀង ៖ បុរសម្នាក់រងរបួស ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយរថយន្តកូរ៉េ ហុីយ៉ាន់ដាយ បើកបុកម៉ូតូហុងដាឌ្រីម ទាក់ចូលក្រោមរថយន្ត កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤ ស្ថិតនៅលើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ១៥៣-១៥៤ ក្នុងភូមិព្រៃទប់ សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង។

ភាគីខាងម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង 1T-1048 ជិះដោយជនរងគ្រោះឈ្មោះ ជុំ ផាន ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅភូមិកណ្តាល ឃុំចេក ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។ ចំណែកភាគីខាងរថយន្តកូរ៉េ ម៉ាកហុីយ៉ាន់ដាយ ពណ៌បៃតង ស ពាក់ស្លាកលេខ ព្រៃវែង 3A-0234 បើកបរដោយឈ្មោះ ម៉ៅ ធា ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរ បើកបររថយន្តក្រុមហ៊ុន ហាយប្រីដ ផាសុី អនាម័យ មានទីលំនៅភូមិទួលអង្គុប ឃុំសំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង។

តាមសមត្ថកិច្ចបានឱ្យដឹងថា មុនកើតហេតុរថយន្តបើកពីលិចទៅកើត ដល់ចំណុចកើតហេតុ ជ្រុលបុកម៉ូតូជនរងគ្រោះស្របទិស ទាក់ចូលក្រោមរថយន្ត បណ្តាលឱ្យរងរបួស ។ ក្រោយកើតហេតុជនរងគ្រោះត្រូវបានដឹកបញ្ជូនទៅមន្ទីរពេទ្យ ហើយតំណាងភាគីសងខាងសុំធ្វើការនិយាយសម្របសម្រួលគ្នា ដោយខាងរថយន្តទទួលចេញថ្លៃព្យាបាលរបួស និងជួសជុលម៉ូតូ ដើម្បីបញ្ចប់រឿងនៅកន្លែងតែម្តង៕

អត្ថបទ៖ តាតុងសែនជ័យ

Share.