ព្រះសីហនុ ៖ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤នេះ កម្លាំងសមត្ថកិច្ចខេត្តព្រះសីហនុ ចុះឆែកឆេរថយន្តមួយគ្រឿង រកឃើញអាវុ.ធមួយចំនួន នឹងឃាត់ខ្លួនជនជាតិចិនម្នាក់ ក្រោយមានទទួលបានពាក្យបណ្តឹង ពីម្ចាស់រថយន្តព្រុស ដែលខ្លួនបានដាក់ជួលឱ្យគេ តែអ្នកជួលខានបង់ប្រាប់ឱ្យខ្លួន ទើបយករថយន្តមកវិញស្រាប់តែប្រទះឃើញអាវុធតែម្តង។

តាមប្រភពព័ត៌មានបានឱ្យដឹងថា កាលពីថ្ងៃទី ០៩ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ១៦ និង ៣០ នាទីផែនការងារសន្តិសុខ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានទទួលបណ្តឹងរាយការពីឈ្មោះ វិត សុភ័ក្រ្ត ភេទប្រុស ជនជាតិខ្មែរថា រថយន្តរបស់ខ្លួនម៉ាក Prius ពណ៌ស ផលិតឆ្នាំ២០១៣ ស្លាកលេខ ភ្នំពេញ 2BV-3114 ដែលខ្លួនបានជួលទៅឱ្យឈ្មោះ តុន ទូត ភេទប្រុស ជនជាតិខ្មែរ តាមកិច្ចសន្យាជួលរថយន្ត ចុះថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ ។ តែអ្នកជួលបានឈប់បង់ប្រាក់ឈ្នួលជាច្រើនថ្ងៃហើយ និងបានយករថយន្តខាងលើ ចតទុកចោលនៅក្បែរកាស៊ីណូជិនប៉ី៣ ស្ថិតនៅភូមិ៣ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ហើយឈ្មោះ វិត សុភ័ក្រ្ត បានពិនិត្យមើលតាម GPS និងបានទៅយករថយន្តមកដាក់នៅយានដ្ឋានស៊ីធី ៦៨ (CT68) លុះពេលមកដល់ខ្លួនបានបើកគូថ រថយន្តខាងលើ ឃើញមានវាល្លី១ ក្នុងនោះអាវុធ និងគ្រាប់មួយចំនួន ទើបប្តឹងរាយការជូនសមត្ថកិច្ចភ្លាមៗទៅ។

បន្ទាប់ពីទទួលបានព័ត៌មានខាងលើ ដោយទទួលបានបទបញ្ជាពីឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ ផែនការងារសន្តិសុខ និងដោយមានការសម្របសម្រួលនីតិវិធីពីលោក ឡុច សុខលៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានចុះមកដល់ទីតាំងខាងលើ ទទួលបានលទ្ធផលដូចខាងក្រោម ៖
ក្រុមការងារបានធ្វើការឆែកឆែរ និងត្រួតពិនិត្យជាក់ស្តែង ក្នុងរថយន្តមួយម៉ាក Prius ពណ៌ស ផលិតឆ្នាំ២០១៣ ស្លាកលេខ ភ្នំពេញ 2BV-3114 បានរកឃើញសម្ភារបទល្មើសមួយចំនួនដូចជា វាល្លី ពណ៌ខ្មៅ ចំនួន១ ក្នុងនោះឃើញមាន អាវុធសរុបចំនួន ៧ដើម ៖
▪️ អាវុធវែងចំនួន០៣ដើម ៖១.ម៉ាកAKM ពណ៍ខ្មៅ មានបង់ចំនួន១ ,២.ម៉ាកEKOL 9MM P.A ពណ៍ខ្មៅ មានបង់ចំនួន១ ,៣.ម៉ាកLITTLE BADGER-ITALY ពណ៍ខ្មៅ គ្មានបង់ ។
▪️អាវុធខ្លីចំនួន ០៤ដើម ៖ ១.ម៉ាកGLOCK 17 GEN4-AUSTRIA ពណ៍ខ្មៅ ២.ម៉ាកSIGSAUER ពណ៍ខ្មៅ មានបង់ចំនួន២ ,៣.ម៉ាកZORAKI M906-T ពណ៍ខ្មៅ មានបង់ចំនួន១ និង ៤.ម៉ាកZORAKI 4918-TD ពណ៍ខ្មៅ មានបង់ចំនួន១ ។ គ្រាប់អាវុធប្រភេទ អឹមសី ចំនួន ១១៣ គ្រាប់ , គ្រាប់ប្រភេទ AK ចំនួន ១០២ គ្រាប់ , គ្រាប់អាវុធប្រភេទ 380 ចំនួន ២១៩គ្រាប់ , គ្រាប់អាវុធប្រភេទ 9mm ចំនួន ១៥០គ្រាប់ និងគ្រាប់អាវុធប្រភេទ បេអាតា ចំនួន ២៥គ្រាប់ ។ បំពង់ទប់សម្លេងអាវុធ ចំនួន៣។ គ្រាប់បែកក្រឡាទាប ចំនួន១។

បន្ទាប់ពីធ្វើការត្រួតពិនិត្យ ឆែកឆេរួច ក្រុមការងារបានសម្រេចអញ្ចើញម្ចាស់រថយន្តឈ្មោះ វិត សុភ័ក្រ្ត ទៅបំភ្លឺនៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ និងសម្រេចដកហូតវត្ថុតាង រថយន្តមួយគ្រឿងម៉ាក Prius ពណ៌ស ផលិតឆ្នាំ២០១៣ ស្លាកលេខ ភ្នំពេញ 2BV-3114 និងសម្ភារដែលបានរកឃើញក្នុងរថយន្តដូចបានរៀបរាប់ខាងលើ យកទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីបន្តនីតិវិធី។

ក្រោមការដឹកនាំចង្អុលបង្ហាញ និងដោយមានការសម្របសម្រួលនីតិវិធីពីលោក លុច សុខលៀង ព្រះរាជអាជ្ញាររង នៃអយ្យការអមសាលាដំបូងខេត្ដព្រះសីហនុ ផែនការងារសន្ដិសុខ សហការជាមួយនិងកម្លាំងផែនការងារប្រឆាំងគ្រឿងញៀន កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ១៥និង០០នាទី បានចុះស្រាវជ្រាវ និងបង្រ្កាបករណី កាន់កាប់អាវុធខុសច្បាប់ និងផលិត ជួញដូរ និងកែច្នៃដោយខុសច្បាប់នូវសារធាតុញៀន ១កន្លែង ប្រព្រឹត្ដនៅចំណុច សណ្ឋាគារ ជូហេតាង ស្ថិតក្នុងក្រុមទី១៥ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេតព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ ជនជាតិចិន ឈ្មោះ PENG XIONGFENG ភេទប្រុស អាយុ ៣៣ឆ្នាំ ជមុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ក្រុមទី១៥ ភូមិ៣ សង្កា ត់លេខ១ ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ។
វត្ថុតាងដកហូតរួមមាន៖

សារធាតុញៀនទម្ងន់សរុប ៥៨១៤២,៣០ក្រាម (ទម្ងន់សុទ្ធ) ស្មើនឹង ៥៨គីឡូ ១៤២,៣០ក្រាម ក្នុងនោះ មានសារធាតុញៀនប្រភេទមេតំហ្វតាមីន , សារធាតុញៀនប្រភេទមេតំហ្វេតាមីន , សារធាតុញៀនប្រភេទកេតាមីន (K) , សារធាតុញៀនប្រភេទអ៉ិចស្ដាស៊ី , ឧបករណ៍ផលិត កែច្នៃ និងថង់វេចខ្ចប់គ្រឿងញៀនមួយចំនួនធំ និងកាំភ្លើងខ្លីចំនួន ០១ដើម ម៉ាក BERETTA-MCO 950 B-CAL635 ផលិតនៅប្រទេសប្រេស៊ីល មានគ្រាប់កាំភ្លើ់ងចំនួន ៥០គ្រាប់។ កម្លាំងសមត្ថកិច្ចជំនាញបានចាត់និតិវិធីបញ្ជូនទៅព្រះអជ្ញាអមសាលាដំបូងខេត្តព្រះសីហនុបន្ត៕

អត្ថបទ៖ ព្រះសីហនុ

Share.