ភ្នំពេញ ៖ ម៉ូតូស្កុបពីមួយគ្រឿងជិះឌុបគ្នាវ៉ាជែងជ្រុលទៅបុកជាប់ពីមុខរថយន្តTACOMAកំពុងបើកច្រាសទិស បណ្តាលឱ្យរងរបួសធ្ងន់២នាក់ សន្លប់ស្តូកស្តឹង កាលពីវេលាម៉ោង៣និង១០នាទីទៀបភ្លឺថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ នៅតាមផ្លូវជាតិលេខ៤ ចំណុចភូមិផ្សារកំបូល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។

តាមប្រភពបានឱ្យដឹងថា មុនកើតហេតុភាគីខាងរថយន្តម៉ាកTACOMA ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BO-1587 បើកបរដោយឈ្មោះ ជ្រាន ចៅហ៊ុយ ភេទប្រុស អាយុ៣០ឆ្នាំ បានបើកតាមបណ្តោយផ្លូវជាតិលេខ៤ក្នុងទិសដៅពីកើតទៅលិច ដល់ចំណុចកើតហេតុស្រាប់តែភាគីខាងម៉ូតូស្កុបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1JZ-9395 ជិះដោយបុរស២នាក់ល្បឿនលឿន ពីលិចទៅកើត វ៉ាជែងរថយន្តខាងមុខជ្រុលមកបុកជាប់ពីមុខរថយន្ត បណ្តាលឱ្យរងរបួសធ្ងន់២នាក់ស្លប់ស្តូកស្តឹង ។

ក្រោយកើតហេតុជនរងគ្រោះទាំង២នាក់ត្រូវបានរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ។ ចំណែករថយន្ត អ្នកបើកបរ និងម៉ូតូ ប្រគល់ឱ្យការិយាល័យចរាចរណ៍ជើងគោក ស្នងការក្រុងភ្នំពេញ វាស់វែងយកទៅរក្សាទុក រង់ចាំដោះស្រាយពេលក្រោយ ៕

អត្ថបទ៖តាតុងសែនជ័យ

Share.