ព្រះសីហនុ ៖ ស្ត្រីម្នាក់ស្លាប់ភ្លាមៗនៅកន្លែងក្នុងសភាពខ្ទេចក្បាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយរថយន្តដឹកសំរាម បើកបត់ស្តាំកៀរម៉ូតូលេត ដួលកិនស្លាប់ កាលពីវេលាម៉ោង១០និង៥០នាទីព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ ស្ថិតនៅចំណុចមុខផ្សារដំរី៥ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

តាមប្រភពបានឱ្យដឹងថា មុនកើតហេតុ រថយន្តបង្កម៉ាកហុីយ៉ាន់ដាយ ពណ៌ខៀវ គ្មានស្លាកលេខ ជារថយន្តដឹកសំរាម បើកបរដោយឈ្មោះ លួន លីដា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរបើកបររថយន្តដឹកសំរាម មានស្រុកកំណើតនៅភូមិអន្លង់ពីរ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប បានបើកពីត្បូងទៅជើង ដល់ចំណុចកើតហេតុ បត់ស្តាំ ស្រាប់តែជ្រុលកៀរម៉ូតូលេត ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1FD-4504 ជិះដោយស្ត្រីរងគ្រោះ ស្របទិសនៅពីខាងស្តាំ បណ្តាលឱ្យដួលហើយកិនស្ត្រីរងគ្រោះស្លាប់ភ្លាមៗនៅកន្លែង រួចរថយន្តបន្តបើកទៅមុខបានចម្ងាយ៥០០ម៉ែត្រ ត្រូវបានសមត្ថកិច្ចតាមឃាត់បាន ទាំងអ្នកបើកបរ ។

ក្រោយកើតហេតុ សពស្ត្រីរងគ្រោះត្រូវបានដឹកយកទៅតំកល់ទុកនៅមន្ទីរពេទ្យបង្អែកចំការចេក ដើម្បីរង់ចាំប្រគល់ជូនក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ។ រីឯរថយន្ត អ្នកបើកបរ និងម៉ូតូ ប្រគល់ឱ្យការិយាល័យចរាចរណ៍ជើងគោក ស្នងការខេត្ត កសាងសំណុំរឿងតាមនីតិវិធី ៕

អត្ថបទ៖តាតុងសែនជ័យ

Share.