ភ្នំពេញ ៖ ពីរនាក់ប្តីប្រពន្ធជិះម៉ូតូហុងដាឌ្រីមឌុបគ្នាជ្រុលបុកពីក្រោយរថយន្តTACOMA ដឹកជណ្តើរវែងលយហួសទ្រុង កំពុងឈប់ចតចិញ្ចើមផ្លូវ បណ្តាលឱ្យរងរបួសធ្ងន់ទាំង២នាក់ កាលពីវេលាម៉ោង៥និង២០នាទីល្ងាចថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ នៅតាមផ្លូវជាតិលេខ៣ ចំណុចភ្លើងស្តុបវត្តស្លែង ភូមិវត្តស្លែង សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ជនរងគ្រោះទាំង២នាក់ប្តីប្រពន្ធ ឈ្មោះ សុខ វាសនា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរកម្មកររោងចក្រ និងប្រពន្ធឈ្មោះ ឆុន សោភ័ណ្ឌ អាយុ២៦ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ មានស្រុកកំណើតភូមិត្រពាំងដំរី ឃុំកំពង់អំពិល ស្រុករំដួល ខេត្តស្វាយរៀង ។

តាមប្រភពបានឱ្យដឹងថា មុនកើតហេតុជនរងគ្រោះជិះម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1AQ-2376 ឌុបគ្នាពីជើងទៅត្បូង ដល់ចំណុចកើតហេតុមិនបានចាប់អារម្មណ៍ ជ្រុលបុកពីក្រោយរថយន្តTACOMA ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AG-1695 ដឹកជណ្តើរវែងលយហួសទ្រុង កំពុងឈប់ចតចិញ្ចើមផ្លូវ បណ្តាលឱ្យរងរបួសធ្ងន់ទាំង២នាក់ ។

ក្រោយកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ចំណែករថយន្តនិងម៉ូតូ សមត្ថកិច្ចយកទៅរក្សាទុកនៅផ្នែកជំនាញខណ្ឌ រង់ចាំដោះស្រាយគ្នាពេលក្រោយ ៕

អត្ថបទ៖តាតុងសែនជ័យ

Share.