បន្ទាយមានជ័យ ៖ បុរសម្នាក់យកគ្រាប់មិនទាន់ផ្ទុះDK75មកដំក្នុងបំណងកែច្នៃធ្វើកណ្តឹងគោ ស្រាប់តែផ្ទុះបណ្តាលឱ្យស្លាប់ភ្លាមៗនៅកន្លែង បង្កឱ្យផ្អើលអស់អ្នកស្រុក កាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ នៅក្នុងភូមិត្រាង ឃុំភ្នំដី ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។

ជនរងគ្រោះមានឈ្មោះ ប្រង ប៊ិស ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរកសិករ មានប្រពន្ធកូន៣នាក់ រស់នៅក្នុងភូមិត្រាង ឃុំភ្នំដី ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។

តាមប្រភពបានឱ្យដឹងថា គ្រាប់មិនទាន់ផ្ទុះDK75មួយគ្រាប់នេះ ត្រួវបានជនរងគ្រោះភ្ជួរដីស្រែប្រទះឃើញ ហើយយកទៅដាក់នៅក្រោមជង្រុកស្រូវ ទាំងមិនបានរាយការណ៍ប្រាប់អាជ្ញាធរ សមត្ថកិច្ចដើម្បីយកទៅរក្សាទុកកន្លែងមានសុវត្តិភាពទេ អស់រយៈពេលជិត២ឆ្នាំមកហើយ លុះមកដល់ព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤នេះ បន្ទាប់ពីប្រពន្ធនិងកូនម្នាក់ទៅចម្ការបាត់ កូនម្នាក់នៅលើផ្ទះ កូនម្នាក់ទៀតនៅខាងមុខផ្ទះ ជនរងគ្រោះទាញយកគ្រាប់នោះមកដំក្នុងបំណងកែច្នៃធ្វើកណ្តឹងគោ នៅខាងក្រោយផ្ទះ ស្រាប់តែផ្ទុះកក្រើកដី បណ្តាលឱ្យស្លាប់ភ្លាមៗតែម្តង ។

ករណីផ្ទុះគ្រាប់ខាងលើត្រូវបានកម្លាំងសមត្ថកិច្ច ជំនាញចុះទៅពិនិត្យស្រាវជ្រាវ រួចប្រគល់សាកសពជូនក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី ៕

អត្ថបទ៖តាតុងសែនជ័យអត្ថបទ៖តាតុងសែនជ័យ

Share.