កំពត ៖ រថយន្តកូរ៉េឃ្លុបដឹកស្រាបៀរមួយគ្រឿង បើកបរលឿនផ្លូវកោង គេចជ្រុល ដឹកធ្ងន់ផង ក្រឡាប់ផ្ងារជើងចូលក្នុងប្រឡាយ ចាក់ស្រាបៀរចោលរាយប៉ាយ កាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី១១ ឧសភា ឆ្នាំ២០២៤ នៅតាមផ្លូវជាតិលេខ៣១ ចំណុចផ្លូវកោង ក្នុងភូមិព្រៃពព្រិច ឃុំស្ដេចគង់ខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត ។

តាមសមត្ថកិច្ចបានឱ្យដឹងថា រថយន្តកូរ៉េឃ្លុបដឹកស្រាបៀរ បើកបរក្នុងទិសដៅពីត្បូងទៅជើង លុះដល់ចំណុចកើតហេតុ ស្ថានភាពផ្លូវកោង ស្របពេលនោះមានរថយន្តមួយគ្រឿងបើករយ៊ែរថយក្រោយចេញពីយានដ្ឋាន ធ្វើឱ្យរថយន្តឃ្លុបព្យាយាមគេច ស្រាប់តែជ្រុលធ្លាក់ផ្លូវក្រឡាប់ផ្ងារជើងចូលប្រឡាយ ចាក់កំប៉ុងស្រាបៀរចោលរាយប៉ាយ អ្នកបើកបររថយន្តរងរបួសធ្ងន់ ។ ក្រោយកើតហេតុជនរងគ្រោះត្រូវបានដឹកបញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុក រថយន្តនិងស្រាបៀរត្រូវបានកម្លាំងសមត្ថកិច្ចជួួយរក្សាការពារជូន ៕

អត្ថបទ៖តាតុងសែនជ័យ

Share.